ក្រសួងការបរទេសបាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា សហរដ្ឋអាមេរិកនឹងមិនផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនលើការបញ្ជូនគ្រឿងសព្វាវុធទៅឱ្យអ៊ីស្រាអែលទេ ទោះស្ថានភាពមនុស្សធម៌ក្នុងដែនដីហ្កាហ្សាស្ទ្រីបនៅតែអាក្រក់ក៏ដោយ ជាឱសានុវាទដែលសេតវិមានបានកំណត់សម្រាប់អ៊ីស្រាអែលក្នុងការបង្កើនលទ្ធភាពទទួលបានជំនួយនៅក្នុងតំបន់ប៉ាឡេស្ទីនដែលត្រូវបានឡោមព័ទ្ធ។

អ្នកនាំពាក្យក្រសួងការបរទេសលោក Vedant Patel បានប្រាប់អ្នកសារព័ត៌មានថា ការសម្រេចចិត្តនេះបានកើតឡើងនៅពេលអ៊ីស្រាអែលបានចាត់វិធានការមួយចំនួន ដែលបានគូសបញ្ជាក់នៅក្នុងលិខិតរបស់រដ្ឋមន្ត្រីការបរទេសលោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតលោក Lloyd Austin ទៅកាន់សមភាគីអ៊ីស្រាអែលកាលពីខែមុន។ លោកបានបន្តថា យើងបន្តពិភាក្សាជាមួយអ៊ីស្រាអែលអំពីជំហានដែលពួកគេបានធ្វើ និងជំហានផ្សេងទៀតដែលពួកគេត្រូវធ្វើ។

យោងតាមលោក Philippe Lazzarini អគ្គស្នងការនៃទីភ្នាក់ងារអង្គការសហប្រជាជាតិជួយជនភៀសខ្លួនប៉ាឡេស្ទីន UNRWA បានឱ្យដឹងថា ជាមធ្យមរថយន្តដឹកជំនួយជាង ៣០ គ្រឿងក្នុងមួយថ្ងៃត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងតំបន់ហ្កាហ្សាក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលស្មើជាង៦%នៃតម្រូវការប្រចាំថ្ងៃ ។
មុនពេលអ៊ីស្រាអែលចាប់ផ្តើមការវាយលុករបស់ខ្លួននៅតំបន់ហ្កាហ្សា រថយន្តដឹកជំនួយប្រហែល ៥០០ គ្រឿងបានចូលទៅក្នុងតំបន់នេះជារៀងរាល់ថ្ងៃ នេះបើយោងតាមកាកបាទក្រហមអង់គ្លេស។
កាលពីចុងសប្តាហ៍កន្លងទៅនេះ អង្គការសុខភាពពិភពលោកបានព្រមានថា តំបន់ហ្កាហ្សាភាគខាងជើង កំពុងប្រឈមគ្រោះទុរ្ភិក្សដែលជិតមកដល់ ដោយសារតំបន់នេះស្ថិតនៅក្រោមការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងររបស់អ៊ីស្រាអែលឥតឈប់ឈរ ខណៈអ្នកមនុស្សជាង៤ម៉ឺននាក់ស្លាប់៕