ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយនៅថ្ងៃពុធ (១៣ វិច្ឆិកា) នេះថា ការបំភាយកាបូនឌីអុកស៊ីតជាសកល រួមទាំងការដុតឥន្ធនៈហ្វូស៊ីល ត្រូវបានកំណត់ថានឹងកើនឡើងដល់កម្រិតខ្ពស់បំផុតនៅឆ្នាំនេះ ដោយទាញពិភពលោកឱ្យធ្លាក់កាន់តែឆ្ងាយចេញពីផ្លូវនៃការបញ្ចៀសការបំផ្លិចបំផ្លាញអាកាសធាតុកាន់តែខ្លាំងឡើង។

របាយការណ៍ថវិកាឧស្ម័នកាបូនឌីអុកស៊ីតសកល ដែលត្រូវបានចេញផ្សាយក្នុងអំឡុងកិច្ចប្រជុំកំពូលអាកាសធាតុ COP29 របស់អង្គការសហប្រជាជាតិ នៅប្រទេសអាស៊ែបៃហ្សង់ នេះបាននិយាយថា ការបំភាយឧស្ម័នកាបូនឌីអុកស៊ីតសកល ត្រូវបានកំណត់ថានឹងឡើងដល់ ៤១,៦ពាន់លានតោន ក្នុងឆ្នាំ២០២៤ ដោយកើនឡើងពីតួលេខ ៤០,៦ពាន់លានតោន កាលពីឆ្នាំមុន។

ភាគច្រើននៃការបំភាយឧស្ម័នទាំងនេះគឺមកពីការដុតធ្យូងថ្ម ប្រេង និងឧស្ម័ន ដែលនឹងមានចំនួនសរុប ៣៧,៤ពាន់លានតោន ក្នុងឆ្នាំ២០២៤ ដោយកើនឡើង ០,៨% ពីឆ្នាំ២០២៣។ ហើយកត្តាបំភាយដែលនៅសល់គឺមកពីការប្រើប្រាស់ដី រួមមានការកាប់បំផ្លាញព្រៃឈើ និងចំហេះព្រៃ។

ប្រទេសនានាក្នុងពិភពលោកបានយល់ព្រមនៅក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ២០១៥ ដើម្បីព្យាយាមបញ្ឈប់សីតុណ្ហភាពសកលមិនឱ្យកើនឡើងលើសកម្រិតកំណត់ ១,៥អង្សាសេ ដើម្បីបញ្ចៀសផលប៉ះពាល់ដ៏អាក្រក់បំផុតនៃបម្រែបម្រួលអាកាសធាតុ ហើយនេះនឹងតម្រូវឱ្យកាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីតជារៀងរាល់ឆ្នាំ ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៣០ និងលើសពីនេះទៀត៕