ថ្នាក់ដឹកនាំរបស់ប្រទេសចិន បានជំរុញឱ្យមាន "កិច្ចខិតខំប្រឹងប្រែងទាំងអស់" ដើម្បីព្យាបាលអ្នករបួសនៅក្នុងការវាយប្រហារដោយរថយន្តនៅភាគខាងត្បូងប្រទេសចិន ដែលជាឧបទ្ទវហេតុដ៏បង្ហូរឈាមបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រនាពេលថ្មីៗនេះរបស់ប្រទេស និងបើកការស៊ើបអង្កេត។

អាជ្ញាធរចិន បានចំណាយពេលជិត ២៤ម៉ោងដើម្បីបង្ហាញជាផ្លូវការថា អ្នកបើកបរដែលជាបុរសវ័យ ៦២ឆ្នាំម្នាក់កាលពីល្ងាចថ្ងៃចន្ទ បានបើករថយន្តរបស់ខ្លួនបំបុកចូលទៅក្នុងហ្វូងមនុស្សនៅឯមជ្ឈមណ្ឌលកីឡាមួយក្នុងទីក្រុង ជូហៃ (Zhuhai) ដោយបានសម្លាប់មនុស្ស ៣៥នាក់ និង ៤៣នាក់ផ្សេងទៀតរងរបួសធ្ងន់ធ្ងរ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ីនហួ បាននិយាយនៅល្ងាចថ្ងៃអង្គារថា លោកប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) និងមន្ត្រីលេខ២ របស់ប្រទេស គឺលោក លី ឈាង (Li Qiang) បានជំរុញឱ្យអាជ្ញាធរក្នុងតំបន់ព្យាបាលអ្នករបួស ហើយចាប់ផ្តើមការស៊ើបអង្កេតលើករណីនេះ។

ការវាយប្រហារនេះបានធ្វើឱ្យសង្គមចិន ដែលមានមោទនភាពចំពោះសន្តិសុខសាធារណៈរបស់ខ្លួន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយបានបង្កឱ្យមានសំណួរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ថាកំណើនរបាយការណ៍នៃឧក្រិដ្ឋកម្មហិង្សានៅក្នុងទីក្រុងធំៗបញ្ជាក់ពីស្ថានភាពបែបណានៃប្រទេសរបស់ពួកគេ៕