ក្រសួងសុខាភិបាល បានណែនាំក្រើនរំលើកដល់សាធារណជនពីវិធានការសំខាន់ៗមួយចំនួន ក្នុងការការពារសុខភាពក្នុងអំឡុងពេល ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែលទទួលបាននៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
សេចក្ដីជូនដំណឹងបានលើកឡើងថា នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃព្រហស្បតិ៍ ១៤កើត ដល់ថ្ងៃសៅរ៍ ១រោច ខែកត្តិក ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នឹងមានប្រជាជន ភ្ញៀវជាតិ និងអន្តរជាតិ អញ្ជើញមកចូលរួមកម្សាន្តព្រះរាជពិធីបុណ្យច្រើនកុះករ។ ក្រសួងសុខាភិបាល សូមណែនាំក្រើនរំលឹកដល់សាធារណជនទាំងអស់ ចូលរួមការពារសុខភាពបុគ្គល ក្រុមគ្រួសារ និងសហគមន៍ ពីជំងឺជាយថាហេតុណាមួយ ដោយអនុវត្តនូវ វិធានការបង្ការសំខាន់ៗដូចខាងក្រោម៖
១. ចំពោះសាធារណជន៖
ត្រូវប្រកាន់អនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ មុនចាប់កាន់ចំណីអាហារ បន្ទាប់ពីការប៉ះពាល់សត្វ បោចសំអាតរោមសត្វបសុបក្សី ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគ
កុំប៉ះពាល់ ឬទទួលទាន មាន់ទា ឈឺ ឬងាប់ និងពាក់ស្រោមដៃ និងម៉ាស់ ឬយកក្រមាចងបិតច្រមុះ មុនពេល សម្លាប់មាន់ទា រួចហើយស្រុះវាក្នុងទឹកពុះមុននឹងបោចសម្អាតរោម
ចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ ជាពិសេសសាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ។ កុំទទួលទានពងមាន់ ឬ ពងទាជ័រព្នៅ និងទុកដាក់អាហារឆៅ និងឆ្អិនឱ្យនៅដាច់ដោយឡែកពីគ្នា សម្អាតសម្ភារៈប្រើប្រាស់សម្រាប់ ចម្អិនម្ហូបអាហារឱ្យបានត្រឹមត្រូវ។ នៅពេលលោកអ្នកទិញម្ហូបអាហារដែលឆ្អិនស្រាប់ នៅតាមទីផ្សារ ឬតាម ដងផ្លូវ ត្រូវប្រាកដថាអាហារទាំងនោះមានអនាម័យ និងមានសុវត្ថិភាព
ត្រូវប្រើប្រាស់ទឹកស្អាត និងវត្ថុធាតុដើមដែលល្អ ហើយមិនត្រូវប្រើប្រាស់សារធាតុគីមីបន្ថែមលើអាហារ
- កុំប្រើបរិភោគចំណីអាហារហួសកាលកំណត់ប្រើប្រាស់ សូមប្រុងប្រយ័ត្នទិញ ឬពិសាស្រា ស ឬស្រាថ្នាំ ពីប្រភពដែលទុកចិត្តបាន ចៀសវាងការពុលសារធាតុមេតាណុល ជាយថាហេតុ ដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងររហូតដល់បាត់បង់ជីវិត
សូមកុំប្រើប្រាស់មេតាណុលផលិតស្រា ស និងស្រាថ្នាំ ព្រោះមេតាណុលមិនមែនជាមេស្រាទេ
នៅពេលក្អក ឬកណ្តាស ត្រូវខ្ទប់មាត់ ដោយប្រើកន្សែងដៃ ឬផ្នត់កែងដៃ និងចៀសវាងខាកស្តោះពាសវាល ពាសកាល។ សូមពាក់ពាក់ម៉ាស់ នៅពេលមានអាការៈមិនស្រួលខ្លួនដូចជា ផ្តាសាយ ក្អក ដើម្បីបង្ការការចម្លង ជំងឺជាយថាហេតុដល់អ្នកនៅជិត
- ចៀសវាងការចូលទស្សនាក្នុងទីប្រជុំជន ឬពិធីបុណ្យអ៊ុំទូក ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ឬពិបាក ដកដង្ហើម ឬមានបញ្ហាសុខភាព
- ករណីមានបញ្ហាសុខភាពណាមួយ ក្នុងអំឡុងដើរទស្សនា ឬចូលរួមក្នុងពិធីបុណ្យអុំទូកនេះ សូមទៅពិគ្រោះ ជំងឺ នៅតាមស្តង់សុខភាព មណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ ដែលនៅជិតលោកអ្នក
- សូមកុំច្រាន ឬប្រជ្រៀតគ្នា ដើម្បីទប់ស្កាត់នូវការដួលសន្លប់ដែលអាចកើតមានជាយថាហេតុ។ ប្រសិនបើ លោកអ្នកវិលមុខ ឬស្រវាំងភ្នែក សុំអង្គុយចុះ ចៀសវាងការដួល និងត្រូវហៅរកអ្នកជួយសង្គ្រោះ។ ប្រើស្រោមអនាម័យជានិច្ច ដើម្បីការពារខ្លួនពីការឆ្លងមេរោគអេដស៍ កាមរោគផ្សេងៗ
ប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍រាល់ពេលបើកបរ ដើម្បីចៀសវាងគ្រោះថ្នាក់ ដែលអាចកើតមានជាយថាហេតុ ដោយសារតែការបើកបរលើសល្បឿនកំណត់ ឬមិនគោរពច្បាប់។ សូមកុំពិសាគ្រឿងស្រវឹងប្រសិនបើត្រូវបើក បរ និងកុំបើកបរពេលស្រវឹង
សូមកុំសេពគ្រឿងញៀន។ គ្រឿងញៀនធ្វើឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ និងនាំឱ្យបាត់បង់អនាគត។
២. សូមអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ និងមន្ត្រី បុគ្គលិកសុខាភិបាល ចូលរួមសហការ ចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងធ្វើការណែនាំការអនុវត្តវិធានការបង្ការសុខភាពឱ្យបានខ្ជាប់ខ្ជួន ដូចខាងក្រោម៖
- ព្យាយាមធ្វើយ៉ាងណាកាត់បន្ថយនូវការប្រមូលផ្តុំហ្វូងមនុស្សកកកុញច្រើនពេក
- ចូលរួមក្រើនរំលឹកដល់ប្រជាពលរដ្ឋ ពីគ្រោះថ្នាក់លង់ទឹក និងត្រូវការពារកុមារតូចៗមិនឱ្យចុះទឹក
- ជំរុញលើកទឹកចិត្តប្រជាជនក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន ឱ្យប្រកាន់យកនូវការអនុវត្តអនាម័យ ចំណីអាហារ លាងដៃឱ្យបានញឹកញាប់ ខ្ទប់មាត់ដោយពាក់ម៉ាស់ ឬប្រើកន្សែងដៃ ឬប្រើផ្នត់កែងដៃនៅ ពេលក្អក កណ្តាស និងមិនត្រូវការខាកស្តោះ ឬបន្ទោបង់ពាសវាលពាសកាល
ចាត់ចែងឱ្យមានការអង្គុយ ឬឈរទស្សនាការប្រណាំងទូក ដោយមិនប្រជ្រៀតគ្នា និងមានសណ្តាប់ធ្នាប់
- បើអ្នកទស្សនាមានករណីគ្រុនក្តៅ ឬផ្តាសាយ សូមឱ្យគាត់ពាក់ម៉ាស និងត្រឡប់ទៅផ្ទះសម្រាក រួចស្វែងរក
ការពិគ្រោះជំងឺនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ ចូលរួមក្រើនរំឭកដល់អ្នកមានហានិភ័យខ្ពស់ នៃការឆ្លងជំងឺផ្សេងៗដូចជា ចាស់ជរា មានជំងឺប្រចាំកាយ ស្ត្រីមាន ផ្ទៃពោះជាដើម ត្រូវមានការអនុវត្តកិច្ចការពារខ្លួនឱ្យបានល្អ ព្រមទាំងមានអ្នកជួយមើលថែទាំឱ្យបានត្រឹមត្រូវ។
ក្រសួងសុខាភិបាល សូមលើកទឹកចិត្តដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងមន្ត្រី បុគ្គលិកសុខាភិបាល ព្រមទាំង បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការអនុវត្តតាមដំបូន្មានសាមញ្ញៗខាងលើ ដើម្បីការពារខ្លួន និងក្រុម គ្រួសារ។ សូមជូនពរប្រជាពលរដ្ឋគ្រប់រូបទទួលបាននូវសុខភាពល្អ សុវត្ថិភាព ចៀសផុតពីជំងឺផ្សេងៗ និងសូម មានសេចក្តីរីករាយ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
ក្រសួងសុខាភិបាលនឹងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាព សាធារណៈ តាមបណ្តាញសង្គមផ្លូវការរបស់ក្រសួងសុខាភិបាល ក៏ដូចជាទំព័រហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh។

