កម្ពុជា-អង់គ្លេស បើកកិច្ចប្រជុំតុមូលធុរកិច្ច ពិភាក្សា និងការផ្លាស់ប្ដូរមតិយោបល់លើកិច្ចការងារវិនិយោគឯកជន ការផ្សព្វផ្សាយអំពី បរិយាកាសវិនិយោគនៅកម្ពុជា និងបង្ហាញពីមានសក្ដានុពលដល់វិនិយោគិនអង់គ្លេស សិក្សាលទ្ធភាពនៃការបណ្ដាក់នៅកម្ពុជា។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំតុមូលធុរកិច្ច កម្ពុជា-អង់គ្លេស ដោយមានការទទួលស្វាគមន៍ពីតំណាងរដ្ឋាភិបាលចក្រភពអង់គ្លេស គឺលោក Simon Brown នៃការិយាល័យធុរកិច្ច និងពាណិជ្ជកម្ម ក្រោមការសហការរៀបចំពីក្រុមហ៊ុន KPMG។
កិច្ចប្រជុំតុមូលនេះ ត្រូវបានរៀបចំឡើងអនុញ្ញាតឱ្យភាគីទាំងពីរ បានពិភាក្សាផ្លាស់ប្ដូរមតិយោបល់លើកិច្ចការងារវិនិយោគ ឯកជន ផ្សព្វផ្សាយអំពីបរិយាកាសវិនិយោគនៅកម្ពុជា និងណែនាំក្រុមហ៊ុនមួយចំនួនរបស់អង់គ្លេស ដែលមានសក្ដានុពលអាចមក កម្ពុជា ដើម្បីសិក្សាលទ្ធភាពបណ្ដាក់ទុនលើវិស័យដែលទទួលបានការលើកទឹកចិត្តណាមួយផងដែរ។
ជុំវិញការទស្សនកិច្ចនេះ, ចក្រភពអង់គ្លេសគឺជាប្រទេសចុងក្រោយក្នុងឆ្នាំ២០២៤នេះ ដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង គណៈប្រតិភូ បានអញ្ជើញបំពេញទស្សនកិច្ចទាក់ទាញ និងជំរុញវិនិយោគ ដើម្បីផ្សព្វផ្សាយសក្ដានុពលរបស់កម្ពុជា បញ្ជ្រាបព័ត៌មាន វិជ្ជមានអំពីភាពរីកចម្រើន និងកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ពិសេសលើវិស័យវិនិយោគឯកជន ក្នុងទិសដៅស្វែងរកឱកាសបង្កើត ការងារជូនប្រជាពលរដ្ឋខ្មែរឱ្យបានជាអតិបរិមា។
សូមបញ្ជាក់ថា ទាក់ទិនការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អង់គ្លេស, បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញឱ្យដឹងថា នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៤ នេះ, ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានទំហំទឹកប្រាក់សរុបជាង ៨៥០ លានដុល្លារ កើន ១៥ ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញទៅកាន់ទីផ្សារអង់គ្លេស មានទឹកប្រាក់ជាង ៨០០ លានដុល្លារ កើន ២១ ភាគរយ និងការនាំចូលពីអង់គ្លេស មានចំនួនជាង ៤៣ លានដុល្លារ ថយចុះជាង ៣០ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣៕ អត្ថបទ៖ សុន រ៉ាឌី



