ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, នៅក្នុងរយៈពេល ១០ខែឆ្នាំ២០២៤នេះ បានអនុម័តការចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៣៤៦ គម្រោង ក្នុងទុនវិនិយោគប្រមាណជាង ៥ ពាន់លានដុល្លារអាមេរិក, បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ កម្ពុជាទទួលបានគម្រោង វិនិយោគកើនឡើងគួរកត់សម្គាល់។
ឯកឧត្តមបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា នៅក្នុងសិក្ខាសាលាស្តីពីបច្ចុប្បន្នភាព គោលនយោបាយសេដ្ឋកិច្ច សម្រាប់ថ្នាក់ដឹកនាំនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមន្រ្តីការទូតកម្ពុជា ដែលកំពុង បំពេញបេសកកម្មការទូតទូទាំងពិភពលោក នៅថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នេះ ក្នុងនោះឯកឧត្តម បានជម្រាបជូនអំពីសារ សំខាន់ នៃការបញ្ជ្រាបព័ត៌មានជូនដល់វិនិយោគិន អំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា ភាពបើកចំហរ នៃរបបវិនិយោគ ការធានា និងការការពារវិនិយោគ ព្រមទាំងរបបលើកទឹកចិត្តដ៏ទូលំទូលាយចំពោះវិស័យ និងសកម្មភាពវិនិយោគជាច្រើន ដោយមានកំណត់ ច្បាស់នៅក្នុងច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ ដែលជាឯកសារគោល សម្រាប់ផ្តល់នូវភាពអាចប៉ាន់ប្រមាណបាន សម្រាប់ការសម្រេចចិត្តវិនិយោគនៅកម្ពុជា។
ឯកឧត្តមបណ្ឌិត ក៏បានរំលេចផងដែរអំពីសក្តានុពល ទីផ្សាប្រទេសក្នុងតំបន់អាស៊ាន, ទីផ្សាតំបន់អាសិប, ទីផ្សាប្រទេសកូរ៉េ ខាងត្បូង, ទីផ្សាប្រទេសចិន និងទីផ្សាអេមីរ៉ាតអារ៉ាប់រួម ដែលវិនិយោគិនអាចនាំចេញនូវផលិតផលដែលផលិតនៅកម្ពុជា ទៅកាន់ទីផ្សា ទាំងនេះ ដោយអត្រាពន្ធសូន្យ ឬអត្រាពន្ធទាប ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមក៏ជម្រាបជូនអំពីស្ថានភាពការចុះបញ្ជីគម្រោងវិនិយោគមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយការធ្វើបទបង្ហាញការប្រៀបធៀបតួរលេខ ជាក់ស្តែងនៃកំណើនការអនុម័តគម្រោងវិនិយោគ និងទុនវិនិយោគក្នុងអំឡុង ១០ ខែ ឆ្នាំ២០២៣ និងឆ្នាំ២០២៤ ដែលមានការកើន ឡើងគួរឱ្យកត់សម្គាល់។
ជាក់ស្តែងនៅក្នុងរយៈពេល ឆ្នាំ ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ទទួលបានចុះបញ្ជីគម្រោងវិនិយោគសរុបមានចំនួន ២២៧ គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណជាង ៤ ពាន់លានដុល្លារអាម៉េរិក ដែលបានបង្កើតឱកាសការងារចំនួនជាង ២៦០ ពាន់កន្លែង ខណៈនៅក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៤ នេះ, កំណើនគម្រោងវិនិយោគមានសន្ទុះរហូតដល់ ៣៤៦ គម្រោង និងមានទុនវិនិយោគ ជាង ៥ ពាន់លានដុល្លារអាម៉េរិក ដោយបង្កើតបានឱកាសការងាររហូតដល់ជាង ២៦៨ ពាន់កន្លែងផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី



