ត្បូងឃ្មុំ ÷ ផ្លូវក្រាលកៅស៊ូ DBST ប្រវែងជាង ១៦១ គីឡូម៉ែត្រ នៅខេត្តត្បូងឃ្មុំ ស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានថែទាំ ជាប្រចាំបានយ៉ាងល្អប្រសើរ ព្រោះផ្លូវគឺជាសរសៃឈាមនៃសេដ្ឋកិច្ច ជួយជំរុញដល់ការអភិវឌ្ឍន៍ ជាពិសេសជួយលើកកម្ពស់ដល់ជីវភាព រស់នៅរបស់ប្រពលរដ្ឋ។
--------------------------------
ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងក្នុង ការដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី២ លើការងារថែទាំជា ប្រចាំផ្លូវចំនួន ១០ ខ្សែ ក្រាល កៅស៊ូ DBST ប្រវែងសរុបជាង ១៦១ គីឡូម៉ែត្រ និងស្លាកសញ្ញាចរាចរណ៍ផ្សេងៗ ក្នុងស្រុកចំនួន ៦ នៅខេត្តត្បូងឃ្មុំ នៅថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នេះថា ទាក់ទិនហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ដឹកជញ្ជូននៅជនបទ ពិតជាមានសារៈសំខាន់បំផុត ដោយ មិនត្រឹមសម្រួលដល់ការធ្វើដំណើរប៉ុណ្ណោះទេ ផ្លូវក៏ជាដង្ហើមនៃសេដ្ឋកិច្ចដ៏សំខាន់ផងដែរដូចជា ការដឹកជញ្ជូនកសិកផល ពីមូលដ្ឋាន ទៅកាន់ទីផ្សារ និងការដឹកទំនិញពីផ្សារ មកផ្គត់ផ្គង់នៅតាមមូលដ្ឋាន និងការបង្កើតអាជីវកម្មលក់ដូរផ្សេងៗជាដើម។
ទាក់ទងការថែទាំនេះ ឯកឧត្តម បានកោតសរសើរចំពោះការយកចិត្តទុកដាក់ខ្ពស់ របស់នាយកដ្ឋានផ្លូវលំជនបទ ដែលជំរុញ ការថែទាំជាប្រចាំផ្លូវក្រាលកៅស៊ូ DBST ទាំងនេះបានល្អប្រសើរ ដែលនឹងផ្តល់ប្រយោជន៍យូរអង្វែង និងក៏ជាការចូលរួមចំណែក ដ៏សំខាន់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន មានផ្លូវល្អ បរិស្ថានស្អាត ផ្តល់ការរស់នៅកាន់តែប្រសើរ និងក៏ជាផ្នែកមួយនៃការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅជនបទ និងការកាត់បន្ថយគម្លាតតំបន់ជនបទ និងទីក្រុង ផងដែរ។
ជុំវិញការចុះពិនិត្យផ្លូវខាងលើនេះដែរ ឯកឧត្តម ជី ស៊ីថា និងគណៈកម្មការអន្តរក្រសួង បានជួបសំណេះសំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ, ក្នុងនោះឯកឧត្តមបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ, ដែលសម្តេច និងលោកជំទាវបណ្ឌិត ឯកឧត្តម-លោកជំទាវ តែងតែគិតគូរអំពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពល រដ្ឋ ជាក់ស្តែងផ្លូវជនបទជាច្រើនខ្សែខាងលើនេះ បានកំពុងចូលរួមចំណែកលើកកម្ពស់ដល់ប្រជាពលរដ្ឋនៅតាមជនបទ មានផ្លូវល្អ សម្រាប់ធ្វើដំណើរ និងការរកស៊ីទទួលទានផ្សេងៗជាដើម។ ក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តម ក៏បាននាំយកអំណោយដ៏ ថ្លៃថ្លារបស់ឯកឧត្តម ឆាយ ឫទ្ធិសែន ក្រសួងអភិវឌ្ឍន៍ជនបទ ចែកជូនប្រជាពលរដ្ឋ ដោយម្នាក់ៗទទួលបានក្រម៉ាចំនួន១ផងដែរ៕
អត្ថបទ៖សុនរ៉ាឌី


















