កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលជំនាញអធិការខណ្ឌឫស្សីកែវ ស្រាវជ្រាវបង្ក្រាប ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសប្រើដាវកាប់ជនរងគ្រោះរបួសធ្ងន់ ។
ប្រតិបត្តិការឃាត់ខ្លួនក្រុមជនសង្ស័យនេះធ្វើឡើង កាលពីវេលាម៉ោង ២២ និង០០នាទីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ជនសង្ស័យបាន០៥នាក់ មានឈ្មោះ ទី១ ឈ្មោះ វ៉ាន់ ណាវីត ហៅក្រៅ ប៊ី ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរគ្មាន មានទីលំនៅផ្ទះជួល ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ទី២ ឈ្មោះ មួន ខេមរា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរគ្មាន មានទីលំនៅផ្ទះលេខ១៧០ ផ្លូវលេខ៨៦ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ទី៣ឈ្មោះ រឿង វីរះ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ទី៤ ឈ្មោះ ណាង វណ្ណះ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរដឹកជញ្ជូន មានទីលំនៅ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ និងទី៥ ឈ្មោះ ជួន ឌីម៉ូ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស មានទៅលំនៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ សាន់ធី រ៉ាវី ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរជាងម៉ូតូ មានទីលំនៅផ្ទះលេខ២០៤៦ ផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គ.ម៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
គួរំលឹកផងដែរកាលពីវេលាម៉ោង២០និង៣០នាទីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ជនរងគ្រោះ និងមិត្តភក្តិជនរងគ្រោះចំនួន ០៣នាក់ បានអង្គុយ នៅចំណុចហាងកាហ្វេអេសខេ ផ្លូវបេតុង ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ចាំមិត្តភ័ក្តម្នាក់ទៀតដែលជូនសង្សារទៅផ្ទះ ស្រាប់តែមានជនសង្ស័យ ចំនួន ០៧នាក់មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ៤គ្រឿងម៉ាក HONDA DREAM និងម៉ាក SUZUKI NEX មិនចាំផ្លាកលេខ បានជិះចូលមក ក្នុងដៃមានកាន់ដាវកែច្នៃ កាប់មកលើជនរងគ្រោះបណ្តាលឲ្យជនរងគ្រោះរងរបួសដៃជាច្រើនកន្លែង រួចជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់តែម្តង ចំណែកឯជនរងគ្រោះត្រូវមិត្តភ័ក្តបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែត ក្រោយកើតហេតុកម្លាំងជំនាញខណ្ឌប៉ុស្តិ៍ សហការជាមួយនឹងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចុះទៅដល់កន្លែងកើតហេតុបើកការស្រាជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់ជាបន្តបន្ទាប់។
បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាកាចាត់ការតាមផ្លូវច្បាប់៕ អត្ថបទ៖ កុម្ភះ


