រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានប្តេជ្ញាថា នឹងគ្មានបទឈប់បាញ់ឡើយ ខណៈ កងកម្លាំងអ៊ីស្រាអែល បន្តការវាយលុកដោយយោធានៅក្នុងប្រទេសលីបង់ដែលនៅជិតខាង ដើម្បីបំផ្លាញក្រុមហេសបូឡា។

លោក Katz បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គមរបស់លោក កាលពីថ្ងៃអង្គារថា នៅក្នុងប្រទេសលីបង់នឹងគ្មានបទឈប់បាញ់ ហើយក៏នឹងគ្មានការផ្អាកដែរ។ យើងនឹងបន្តវាយលុកលើក្រុមហេសបូឡាពេញទំហឹង រហូតដល់គោលដៅសង្រ្គាម បានសម្រេច។
កងកម្លាំងអ៊ីស្រាអែល បានបន្តការវាយលុកតាមអាកាសកាលពីថ្ងៃអង្គារនៅតំបន់ជាយក្រុងនៃរដ្ឋធានី បេរូត និងផ្នែកភាគខាងត្បូងប្រទេស ប្រឆាំងគោលដៅរបស់ក្រុមហេសបូឡា។
ប្រជាជនក្នុងតំបន់ ត្រូវបានគេផ្តល់ដំណឹងឱ្យជម្លៀសខ្លួនចេញ។

ចំនួនអ្នកស្លាប់នៅប្រទេសលីបង់ បានកើនឡើងលើសពី ៣.០០០នាក់ ខណៈក្រុម ហេសបូឡា កំពុងបន្តការវាយប្រហារដោយគ្រាប់រ៉ូកែត និងយានដ្រូន ចូលទៅក្នុងប្រទេសអ៊ីស្រាអែល។
សហរដ្ឋអាមេរិក បានស្នើឱ្យមានការរៀបចំសម្រាប់បទឈប់បាញ់មួយ ប៉ុន្តែអ៊ីស្រាអែល នៅតែប្រកាន់ជំហររឹងប៉ឹងរបស់ខ្លួនដដែល។