ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃអង្គារ (១២ វិច្ឆិកា) បានតែងតាំងលោកមហាសេដ្ឋី អ៊ីឡុន ម៉ាស (Elon Musk) និងអតីតបេក្ខជនប្រធានាធិបតីមកពីបក្សសាធារណរដ្ឋ លោក វីវេក រ៉ាម៉ាស្វាមី (Vivek Ramaswamy) ឱ្យដឹកនាំក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល ដែលទើបបង្កើតថ្មី ដោយនេះជាការផ្តល់រង្វាន់ដល់អ្នកគាំទ្រដ៏ល្បីរបស់លោក Trump ពីរនាក់មកពីវិស័យឯកជន។

លោក Trump បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Musk និងលោក Ramaswamy "នឹងត្រួសត្រាយផ្លូវសម្រាប់រដ្ឋបាលថ្មីក្នុងការរុះរើការិយាល័យរដ្ឋាភិបាល កាត់បន្ថយបទប្បញ្ញត្តិច្រើនហួសហេតុ បន្ទាបការចំណាយខ្ជះខ្ជាយ និងរៀបចំរចនាសម្ព័ន្ធទីភ្នាក់ងារសហព័ន្ធឡើងវិញ"។

លោក Trump បាននិយាយថា ក្រសួងថ្មីនេះ "នឹងផ្តល់ដំបូន្មាន និងការណែនាំពីខាងក្រៅរដ្ឋាភិបាល" ដែលជាសញ្ញាថាអង្គភាពនេះនឹងដំណើរការនៅខាងក្រៅព្រំដែននៃរដ្ឋាភិបាល។
ទោះយ៉ាងនេះក្ដី ក្រសួងក៏នឹងត្រូវធ្វើការជាមួយសេតវិមាន ព្រមទាំងការិយាល័យគ្រប់គ្រង និងថវិកា ដើម្បី "ជំរុញកំណែទម្រង់រចនាសម្ព័ន្ធទ្រង់ទ្រាយធំ និងបង្កើតវិធីសាស្រ្តសហគ្រិន" ចំពោះរដ្ឋាភិបាល៕