យោធាអ៊ីស្រាអែល បានបន្តវាយប្រហារតាមអាកាសលើតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត កាលពីថ្ងៃអង្គារ (១២ វិច្ឆិកា) ដោយបានបង្កើនការលុកពេលថ្ងៃដ៏ខ្លាំងបំផុតមួយទៅលើតំបន់ដែលគ្រប់គ្រងដោយក្រុមហេសបូឡា ហើយក៏បានវាយប្រហារកណ្តាលប្រទេសលីបង់ សម្លាប់មនុស្សជាង ២០នាក់ ខណៈជម្លោះដ៏តានតឹងនេះកាន់តែខ្លាំងក្លាឡើង។

ផ្សែងហុយពាសពេញទីក្រុងបេរូត ខណៈការវាយប្រហារជាច្រើនលើរតំបន់ជាយក្រុងភាគខាងត្បូង បានចាប់ផ្តើមនៅពេលព្រឹក។ បន្ទាប់ពីបង្ហោះការព្រមានដល់ជនស៊ីវិលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនវាយប្រហារទៅលើគោលដៅរបស់ក្រុមហេសបូឡា នៅក្នុងតំបន់ ដាហ៊ីយេ (Dahiyeh) នៃទីក្រុងបេរូត ហើយថាខ្លួនបានរុះរើទីតាំងអាវុធ និងមីស៊ីលភាគច្រើនរបស់ក្រុមសកម្មប្រយុទ្ធនេះ។

នៅភាគខាងជើងអ៊ីស្រាអែល ការវាយប្រហារដោយយានដ្រូនពីក្រុមហេសបូឡា បានសម្លាប់មនុស្សពីរនាក់ នៅក្នុងទីក្រុង ណាហារីយ៉ា (Nahariya) នៅពេលដែលអគារលំនៅដ្ឋានមួយត្រូវបានដាក់គោលដៅ។

ដោយត្រូវបញ្ឆេះពីសង្រ្គាមនៅតំបន់ហ្កាហ្សា ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ បានផ្ទុះឡើងអស់រយៈពេលជិតមួយឆ្នាំមុន មុនពេលដែលអ៊ីស្រាអែលបន្តការវាយលុកកាន់តែខ្លាំងក្លាក្នុងខែកញ្ញា លើលីបង់ ទាំងការវាយប្រហារតាមអាកាស និងបញ្ជូនកងទ័ពទៅភាគខាងត្បូង៕