ចៅក្រមអាមេរិក ដែលទទួលខុសត្រូវលើសំណុំរឿងព្រហ្មទណ្ឌប្រាក់បំបិទមាត់របស់លោក Donald Trump បានពន្យារពេលសេចក្តីសម្រេច ដែលថា តើការកាត់ទោសប្រធានាធិបតីជាប់ឆ្នោតគួរត្រូវបានលុបចោលដោយហេតុផលអភ័យឯកសិទ្ធិឬយ៉ាងណា ដើម្បីអនុញ្ញាតឱ្យរដ្ឋអាជ្ញាអាចថ្លឹងថ្លែងពីជំហានបន្ទាប់ ក្រោមជ័យជម្នះការបោះឆ្នោតថ្ងៃទី០៥ ខែវិច្ឆិកា របស់លោក Trump។

គួរបញ្ជាក់ថា លោកចៅក្រម ហ័ន មើឆាន (Juan Merchan) ត្រូវកំណត់ឱ្យកាត់សេចក្តីនៅថ្ងៃអង្គារ ១២ វិច្ឆិកា លើអំណះអំណាងរបស់លោក Trump ដែលថាសេចក្តីសម្រេចរបស់តុលាការកំពូលអាមេរិកក្នុងខែកក្កដា លើអភ័យឯកសិទ្ធិប្រធានាធិបតីពីការកាត់ទោសពាក់ព័ន្ធនឹងសកម្មភាពផ្លូវការ មានន័យថាសំណុំរឿងរដ្ឋញូវយ៉ក របស់លោកគួរតែត្រូវបានច្រានចោល។

ផ្ទុយទៅវិញ ចៅក្រម Merchan បានសម្រេចគាំទ្រសំណើរបស់ការិយាល័យមេធាវីតំបន់ Manhattan ឱ្យពន្យារពេលរហូតដល់ថ្ងៃទី១៩ ខែវិច្ឆិកា ដើម្បីពិចារណាពីរបៀបដោះស្រាយលើរឿងនេះ ដោយហេតុថាលោក Trump នឹងត្រូវឡើងកាន់តំណែងនៅក្នុងខែមករា ឆ្នាំ២០២៥ នេះបើតាមការឆ្លើយឆ្លងតាមអ៊ីមែល ដែលបានបង្ហាញជាសាធារណៈកាលពីថ្ងៃអង្គារ។
ការកាត់ទោសរបស់លោក Trump ដែលបានគ្រោងទុកនៅថ្ងៃទី២៦ ខែវិច្ឆិកា ឥឡូវនេះ ក៏ត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថានឹងត្រូវបានពន្យារពេលផងដែរ។ គួររម្លឹកថា លោក Trump កាលពីខែឧសភា ត្រូវបានផ្តន្ទាទោសពីបទព្រហ្មទណ្ឌនៅពេលដែលគណៈវិនិច្ឆ័យរកឃើញថាលោកមានកំហុស លើបទព្រហ្មទណ្ឌ ៣៤ករណី នៃការក្លែងបន្លំកំណត់ត្រាអាជីវកម្មដើម្បីបិទបាំងរឿងអាស្រូវផ្លូវភេទ មុនពេលការឈ្នះឆ្នោតលើកដំបូងរបស់លោកក្នុងឆ្នាំ២០១៦។ លោក Trump ដែលបានផ្ដល់ចម្លើយពីភាពគ្មានទោស បានប្តេជ្ញាប្តឹងឧទ្ធរណ៍ចំពោះសាលក្រម បន្ទាប់ពីការកាត់ទោស៕