ប្រទេសចិនបានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ដល់ហ្វីលីពីនកាលពីថ្ងៃអង្គារ១២ វិច្ឆិកា សប្ដាហ៍នេះ ដោយបញ្ជាក់ថា ខ្លួនគ្មានជម្រើសក្រៅពីការសងសឹកចំពោះការបំពាន និងការបង្កហេតុ របស់ទីក្រុងម៉ានីល នៅសមុទ្រចិនខាងត្បូងឡើយ។ប្រទេសចិនប្រកាន់ជំហរប្រឆាំងការបង្កហេតុរបស់ហ្វីលីពីន និងចាត់វិធានការការពារសិទ្ធិស្របច្បាប់ ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយថា ស្ថានភាពដែនសមុទ្រនឹងមិនកើនឡើងទៀតទេ ប្រសិនបើហ្វីលីពីនលែងរំលោភបំពាន និងបង្កហេតុ ។

សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Gilberto Teodoro បានចោទប្រកាន់ប្រទេសចិនពីបទបង្កើនសម្ពាធលើប្រទេសនេះឱ្យបោះបង់ការអះអាងសិទ្ធិអធិបតេយ្យភាពរបស់ខ្លួន នៅក្នុងតំបន់ជម្លោះនោះ។

ប្រទេសចិន និងហ្វីលីពីន បានឈ្លោះប្រកែកគ្នាម្តងហើយម្តងទៀតនៅឆ្នាំនេះ ជុំវិញតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូង រួមទាំងដែនទឹក Scarborough Shoal ជាតំបន់ដែលមានការប្រកួតប្រជែងបំផុតមួយរបស់អាស៊ី។
ក្រុមប្រឹក្សាដែនសមុទ្រជាតិរបស់ទីក្រុងម៉ានីល បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា ខ្លួនបានជំទាស់នឹងការបង្កើតមូលដ្ឋានរបស់ចិន ហើយបានចោទប្រកាន់ទីក្រុងប៉េកាំងពីបទរំលោភលើអធិបតេយ្យភាពរបស់ខ្លួន៕