ភ្នំពេញ ៖ ដោយពិនិត្យឃើញពីសក្ដានុពលរបស់ខេត្តជាប់មាត់សមុទ្រពិសេសខេត្តព្រះសីហនុ រដ្ឋាភិបាលកម្ពុជាបានកំណត់ចក្ខុវិស័យប្រែក្លាយខេត្តនេះ ឱ្យទៅជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយក្នុងការទាក់ទាញ និងស្រូបយកការវិនិយោគពីបរទេស ដែលអាចឈានឆ្ពោះទៅជាក្បាលម៉ាស៊ីនមួយថ្មី សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិឲ្យរីកលូតលាស់ទៅមុខឥតឈប់ឈរ។
ប្រភពពីក្រសួងពាណិជ្ជកម្ម កាលពីល្ងាចថ្ងៃទី១៩ តុលា ឆ្នាំ២០២១កន្លងទៅ ក្រោយចប់ពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់សេវាកម្មរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ក្រោមវត្តមានរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូហ្សូម បានឲ្យដឹងថា ការរៀបចំផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ គឺជាផ្នែកមួយនៃការគិតគូរជាយុទ្ធសាស្ត្រក្នុងរយៈពេលមធ្យម និងវែងរបស់រដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញកិច្ចអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ស្របតាមគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា២០១៥-២០២៥, ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាក្នុងការប្រែក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។
មានប្រសាសន៍ក្នុងពិធីចុះហត្ថលេខានាឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា រដ្ឋាភិបាលបានជ្រើសយកវិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញស៊ិនជិន ឲ្យរៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយសារវិទ្យាស្ថាននេះ មានបទពិសោធន៍ជាង៣០ឆ្នាំ និងបានរៀបចំប្រមាណ ៥ ៨០០ គម្រោងនៅលើពិភពលោក ជាពិសេសជាស្ថាប័នដឹកមុខក្នុងការរៀបចំផែនការអភិវឌ្ឍទីក្រុងស៊ិនជិនផងដែរ។
ឯកឧត្តម បន្តថា ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យនេះ វិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញស៊ិនជិនបានកំណត់គោលដៅអភិវឌ្ឍប្រែក្លាយខេត្តព្រះសីហនុឲ្យក្លាយទៅជាទីក្រុងដ៏ល្បីនិងសំខាន់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍, ជាតំបន់ដែលប្រើប្រាស់បច្ចេកវិទ្យាវ័យឆ្លាត និងបំពាក់ដោយសេវាសាធារណៈ/បរិក្ខា សម្រាប់រស់នៅលំដាប់ពិភពលោក, ជាតំបន់ប្រកបដោយបរិស្ថានបៃតង និងតំបន់ឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ចូលរួមបម្រើឱ្យខ្សែច្រវាក់ផលិតកម្មក្នុងតំបន់ និងសកលលោក និងជាពិសេសក្លាយជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការផ្តល់ការងារជូនដល់ប្រជាពលរដ្ឋ និងជាប្រភពចំណូលជាតិ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាទាំងមូល ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានស្នើគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ដៃគូហិរញ្ញប្បទាន វិស័យឯកជន និងសមាគមពាណិជ្ជកម្ម បន្តចូលរួមផ្តល់ការគាំទ្រដល់ការរៀបចំ និងការអនុវត្តផែនការមេ ឱ្យបានសម្រេចដូចការរំពឹងទុក៕
អត្ថបទ ឈិត បូរ៉ាវី