ក្រុមអាជីវកម្មនៅប្រទេសអ៊ីរ៉ង់ ព្រួយបារម្ភថា ការវិលត្រឡប់របស់លោក ដូណាល់ ត្រាំ មកកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក វិញ អាចនាំឱ្យមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀតលើប្រទេសអ៊ីរ៉ង់។

បច្ចុប្បន្ន ពិព័រណ៍ពាណិជ្ជកម្មដែលកំពុងប្រព្រឹត្តទៅនៅក្នុងរដ្ឋធានីតេអេរ៉ង់ប្រទេសអ៊ីរ៉ង់ គឺសំដៅពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ជាមួយប្រទេសរុស្ស៊ី។

ក្រុមហ៊ុនអ៊ីរ៉ង់ប្រហែល៧០ និងក្រុមហ៊ុនរុស្ស៊ីប្រហែល៤០ កំពុងចូលរួមក្នុងព្រឹត្តិការណ៍នេះ។ តំណាងក្រុមហ៊ុនរបស់ប្រទេសអ៊ីរ៉ង់ បានសម្តែងការព្រួយបារម្ភថា លោក Trump នឹងបង្កើនទណ្ឌកម្មសេដ្ឋកិច្ច ខណៈលោកបានប្រកាន់ជំហរតឹងចំពោះប្រទេសអ៊ីរ៉ង់ ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោកនៅក្នុងពេលតំណែង។
ក្រុមហ៊ុនអ៊ីរ៉ង់ បានបង្ហាញឆន្ទៈក្នុងការពង្រីកអាជីវកម្មរបស់ពួកគេជាមួយរុស្ស៊ី ដើម្បីប្រឆាំងចំណាត់ការ ណាមួយ។ ប្រតិបត្តិករនៃក្រុមហ៊ុនផលិតគ្រឿងបរិក្ខារពេទ្យអ៊ីរ៉ង់ និយាយថា ក្រុមហ៊ុនរបស់លោកប្រាកដជាមានឧបសគ្គច្រើន នៅពេលនិយាយអំពីការនាំចេញផលិតផលរបស់ខ្លួន។
លោកសង្ឃឹមថា រដ្ឋាភិបាលអ៊ីរ៉ង់ និងរុស្ស៊ី នឹងសហការគ្នាដើម្បីដោះស្រាយបញ្ហា។ ក្នុងអំឡុងពេលកាន់តំណែងជាប្រធានាធិបតីដំបូង លោកTrump បានដកខ្លួនចេញជាឯកតោភាគី ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយប្រទេសអ៊ីរ៉ង់ ហើយបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញ។ នោះ បានជំរុញឱ្យប្រទេសអ៊ីរ៉ង់ ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយរុស្ស៊ី និងចិន។