សភាជាន់ទាបរបស់រុស្ស៊ី បានបោះឆ្នោតជាឯកច្ឆ័ន្ទកាលពីថ្ងៃអង្គារ (១២ វិច្ឆិកា) ដើម្បីហាមឃាត់អ្វីដែលអាជ្ញាធរបានចាត់ទុកជា "ការឃោសនា" ដ៏អាក្រក់សម្រាប់របៀបរស់នៅដែលគ្មានកូន ក្នុងសង្ឃឹមថានឹងជំរុញអត្រាកំណើតដែលធ្លាក់ចុះ។

ទិន្នន័យផ្លូវការចេញផ្សាយនៅក្នុងខែកញ្ញា បង្ហាញថា អត្រាកំណើតក្នុងប្រទេសរុស្ស៊ី នៅទាបបំផុតក្នុងរយៈពេល ២៥ឆ្នាំ ខណៈអត្រាមរណៈកើនឡើង ស្របពេលដែលសង្រ្គាមរបស់ទីក្រុងមូស្គូ នៅអ៊ុយក្រែន បានផ្ទុះឡើង។ វិមានក្រឹមឡាំងបានហៅតួលេខនេះថា "មហន្តរាយសម្រាប់អនាគតប្រទេសជាតិ"។

លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដែលបានចាត់ទុករុស្ស៊ីជាបន្ទាយនៃ "តម្លៃប្រពៃណី" ហើយកំពុងជាប់គាំងក្នុងការតស៊ូអត្ថិភាពជាមួយប្រទេសលោកខាងលិច បានលើកទឹកចិត្តស្ត្រីឱ្យមានកូនយ៉ាងហោចណាស់ ៣នាក់ ដោយនិយាយថា នឹងជួយធានាអនាគតរបស់ជនជាតិរុស្ស៊ី។ ទីក្រុងមូស្គូ ក៏បានជំរុញការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ និងផ្សេងៗទៀតរួចហើយ។

ច្បាប់ ដែលរំពឹងថានឹងត្រូវបានអនុម័តយ៉ាងឆាប់រហ័សដោយសភាជាន់ខ្ពស់ និងលោក ពូទីន បានចូលរួមជាមួយការរឹតបន្តឹងផ្សេងទៀតលើការបញ្ចេញមតិដោយសេរី រួមទាំងការហាមប្រាមលើខ្លឹមសារដែលត្រូវចាត់ទុកថាជាការលើកកម្ពស់ "របៀបរស់នៅដែលមិនមែនជាប្រពៃណី" ដូចជាទំនាក់ទំនងភេទដូចគ្នា ឬការប្ដូរភេទជាដើម៕