យោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអង្គារថា ការវាយប្រហារតាមអាកាសជាបន្តបន្ទាប់របស់អ៊ីស្រា អែល ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានបំផ្លាញកន្លែងស្តុកទុកអាវុធ និងផលិតមីស៊ីលភាគច្រើនរបស់ក្រុមហេសបូឡា ដែលមានទីតាំងនៅជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត។

ការអះអាងនេះ បានធ្វើឡើងប៉ុន្មានម៉ោង បន្ទាប់ពីយន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាសដ៏ធ្ងន់បំផុតមួយទៅលើតំបន់នេះ ចាប់តាំងពីជម្លោះអ៊ីស្រាអែលនិងហេសបូឡា បានចាប់ផ្តើម ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦នាក់ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយលីបង់។ យ៉ាងហោចណាស់មានការវាយប្រហារតាមអាកាសចំនួន ១៣លើក ទៅលើអគារជនស៊ីវិល និងមជ្ឈ មណ្ឌលវេជ្ជសាស្ត្រចំនួន ២ នៅជាយក្រុងភាគខាងត្បូង ដោយបានបង្កឲ្យមានផ្សែងខ្មៅខ្មួលខ្មាញ់ហោះទៅលើអាកាស។

យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបន្តធ្វើការវាយប្រហារលើទីតាំងរបស់ក្រុមហេសបូឡា ក្នុងតំបន់ដោយមានការណែនាំពីក្រុមស៊ើបការណ៍។
រហូតមកដល់ពេលនេះ ក្រុមហេសបូឡា មិនបានធ្វើអត្ថាធិប្បាយអំពីការអះអាងរបស់អ៊ីស្រាអែល ឬការវាយប្រហារនោះទេ។
យោធាអ៊ីស្រាអែល បានអះអាងម្តងហើយម្តងទៀតថា ក្រុមហេសបូឡា បានបង្កើតកន្លែងផលិតមីស៊ីល និងរ៉ូកែតរាប់សិបកន្លែង នៅក្នុងអគារស៊ីវិល ក្នុងតំបន់ដែលមានប្រជាជនរស់នៅច្រើន នៅតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត ក្នុងរយៈពេលជាង ២០ឆ្នាំ កន្លងទៅនេះ។