ក្រុមហ៊ួទីនៅប្រទេសយេម៉ែន បាននិយាយថា កាលពីថ្ងៃអង្គារ ពួកគេបានបើកការវាយប្រហារដោយរ៉ូកែត និងយានដ្រូន ទៅលើនាវាផ្ទុកយន្តហោះអាមេរិក Abraham Lincoln នៅសមុទ្រអារ៉ាប់ និងនាវាពិឃាត អាមេរិកពីរគ្រឿង នៅសមុទ្រក្រហម។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យយោធាក្រុមហ៊ួទី លោក Yahya Sarea បាននិយាយថា ការវាយប្រហារមានរយៈពេល ៨ម៉ោង ត្រូវបានធ្វើឡើង «ជាឆ្លើយតបទៅនឹងការឈ្លានពានរបស់អង់គ្លេស-អាមេរិកមកលើប្រទេសរបស់យើង (យេម៉ែន) និងដើម្បីគាំទ្រដល់ប្រជាជនប៉ាឡេស្ទីន និងលីបង់»។

លោក Sarea បានឲ្យសហរដ្ឋអាមេរិក និងអង់គ្លេសទទួលខុសត្រូវចំពោះ «ការប្រែក្លាយតំបន់សមុទ្រក្រហម ទៅជាតំបន់នៃភាពតានតឹងផ្នែកយោធា» ដោយព្រមានថា «ផលប៉ះពាល់ទៅលើការធ្វើនាវាចរណ៍ ពាណិជ្ជកម្មតាមសមុទ្រ នឹងកាន់តែធ្ងន់ធ្ងរឡើង។
លោកបានបន្ថែមថា ក្រុមហ៊ួទី នឹងមិនបញ្ឈប់ការវាយប្រហារលើនាវា រហូតដល់អ៊ីស្រាអែលបញ្ចប់សង្គ្រាមប្រឆាំងនឹងតំបន់ហ្កាហ្សា និងភាគខាងត្បូងលីបង់។
ពុំទាន់មានការអត្ថាធិប្បាយណាមួយពីយោធាអាមេរិកជុំវិញការវាយប្រហាររបស់ក្រុមហ៊ួទី នៅឡើយទេ។
ប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្ររបស់ចក្រភពអង់គ្លេស បានរាយការណ៍កាលពីថ្ងៃអង្គារ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Xថា ការផ្ទុះចំនួនពីរនៅជិតនាវាពាណិជ្ជកម្ម មានចម្ងាយ៧០ម៉ាយ នៅភាគនិរតីនៃទីក្រុងកំពង់ផែ Hodeidah ដែលគ្រប់គ្រងដោយក្រុមហ៊ួទី ដោយសមាជិកនាវិកទាំងអស់មានសុវត្ថិ ភាព។ ក្រុមហ៊ួទី មិនទាន់ធ្វើអត្ថាធិប្បាយជុំវិញហេតុការណ៍នេះ នៅឡើយទេ។