សហរដ្ឋអាមេរិក បានបញ្ជាក់កាលពីថ្ងៃអង្គារថា កងទ័ពកូរ៉េខាងជើង ដែលត្រូវបានដាក់ពង្រាយទៅកាន់តំបន់ឃើស ( Kursk)ជួរមុខខាងលិចរបស់រុស្ស៊ី បានចាប់ផ្តើមចូលរួមក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងកងកម្លាំងអ៊ុយក្រែន។

លោក Vedant Patel អ្នកនាំពាក្យរងរបស់ក្រសួងការបរទេស បានធ្វើការអត្ថាធិប្បាយ ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ការដាក់ពង្រាយកងទ័ពរបស់កូរ៉េខាងជើង អាចពង្រីកសង្រ្គាមអូសបន្លាយរបស់ទីក្រុងមូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន ជាមួយនឹងផលប៉ះពាល់សន្តិសុខសម្រាប់ទាំងអឺរ៉ុប និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

លោកPatel បានថ្លែងប្រាប់សន្និសីទសារព័ត៌មានថា៖«យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់រុស្ស៊ីក្នុងការងាកទៅរកប្រទេសកូរ៉េខាងជើង ដើម្បីផ្គត់ផ្គង់ទាហាន ក្នុងការបន្តធ្វើសង្រ្គាមដ៏ឃោរឃៅរបស់ពួកគេប្រឆាំងនឹងអ៊ុយក្រែន»។
លោកបានបន្ថែមថា៖«ថ្ងៃនេះ ខ្ញុំអាចបញ្ជាក់បានថា ទាហានកូរ៉េខាងជើងជាង ១០.000នាក់ ត្រូវបានបញ្ជូនទៅកាន់ភាគខាងកើតនៃប្រទេសរុស្ស៊ី ហើយពួកគេភាគច្រើន បានផ្លាស់ប្តូរទៅកាន់តំបន់ឃើស ភាគខាងលិច ជាកន្លែងដែលពួកគេ បានចាប់ផ្តើមចូលរួមក្នុងប្រតិបត្តិការប្រយុទ្ធ ជាមួយកងកម្លាំងរុស្ស៊ី»។
លោក Patel បានកត់សម្គាល់ថា កងកម្លាំងរុស្ស៊ី បាននិងកំពុងបណ្តុះបណ្តាលកងទ័ពកូរ៉េខាងជើង ក្នុងផ្នែកកាំភ្លើងធំ យានអវកាសគ្មានមនុស្សបើក (UAV) និងប្រតិបត្តិការថ្មើរជើងជាមូលដ្ឋាន រួមទាំងប្រតិបត្តិការបោសសម្អាតលេណដ្ឋាន ដែលលោកបាននិយាយថា គឺជាជំនាញ «សំខាន់» សម្រាប់ប្រតិបត្តិការជួរ មុខ។