បាល់ទាត់៖ ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi រកបានពីរគ្រាប់ម្នាក់ឯងឱ្យ Paris Saint Germain វាយបកពីក្រោយ ២-១ យកឈ្នះ ៣-២ លើក្រុមភ្ញៀវអាល្លឺម៉ង់ RB Leipzig ក្នុងពូល A ក្របខណ្ឌ UEFA Champions League។ ខ្សែប្រយុទ្ធបារាំង Kylian Mbappe គឺជាអ្នករកបានគ្រាប់នាំមុខមុនឱ្យម្ចាស់ផ្ទះ PSG នៅនាទីទី៩ តែ Leipzig ក៏វាយបកពីរគ្រាប់វិញនៅនាទីទី២៨ ដោយ Andre Silva និងនាទីទី៥៧ ដោយ Nordi Mukiele។

ក្រោយមក Mbappe បញ្ជូនបាល់ឱ្យ Messi ស៊ុតបញ្ចូលទីតាមស្មើនៅនាទីទី៦៧ មុនពេលដែល Mbappe ដដែលដួលនៅក្នុងប្រអប់គ្រោះថ្នាក់ហើយ Messi គឺជាអ្នកស៊ុតបាល់ ១១ម៉ែត្រ Panenka ឱ្យ PSG យកឈ្នះ Leipzig ៣-២។ បីពិន្ទុនេះធ្វើឱ្យក្រុមរបស់លោក Mauricio Pochettino បន្តការនាំមុខក្នុងពូល A នេះមាន ៧ពិន្ទុខណៈ Leipzig បន្តចាញ់ ៣ប្រកួតជាប់គ្នា។ ងាកមកមួយគូទៀតក្នុងពូល A នេះដែរ Manchester City បានលើកទ័ពទៅយកបីពិន្ទុពីក្រុមម្ចាស់ផ្ទះ Club Bruges ៥-១។

Riyad Mahrez រកបានពីរគ្រាប់ក្នុងការប្រកួតនេះ ខណៈ Cole Palmer រកបានគ្រាប់ដំបូងនៅ UCL។ Joao Cancelo និង Kyle Walker រកបានម្នាក់មួយគ្រាប់ផងដែរក្នុងចំណោម ៥គ្រាប់នេះ ខណៈក្រុមម្ចាស់ផ្ទះប៊ែលហ្ស៊ិកតបបាន ១គ្រាប់នៅនាទីទី៨១ ដោយ Hans Vanaken។ ក្រុមរបស់លោក Pep Guardiola បន្តឈរលេខ២ ក្នុងពូល A នេះមាន ៦ពិន្ទុ ខណៈ Club Bruges ឈរលេខ៣ មាន ៤ពិន្ទុ៕
អត្ថបទ៖នាង សុភាវុធ