អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi បាននិយាយថា វាពិតជាចាំបាច់ណាស់ ក្នុងការស្វែងរកមធ្យោបាយនៃដំណោះស្រាយការទូតអំពីស្ថានភាពជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ មុនពេលដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ទីក្រុងតេអេរ៉ង់។
លោក Grossi បានប្រាប់សារព័ត៌មាន AFP ថា៖«អាជ្ញាធរអ៊ីរ៉ង់ ត្រូវតែយល់ថា បរិយាកាសអន្តរជាតិ កំពុង តែតានតឹងយ៉ាងខ្លាំង ចំណែកឱកាសសម្រាប់ការធ្វើសមយុទ្ធ ក៏កំពុងរួមកាន់តែតូច ហើយដំណោះស្រាយការទូត ត្រូវតែស្វែងរកឲ្យបាន»។
លោកបានទទួលស្គាល់ថា ផែនការសកម្មភាពគ្រប់ជ្រុងជ្រោយរួមឆ្នាំ ២០១៥ (JCPOA) ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលក្រោយមកសហរដ្ឋអាមេរិក បានបោះបង់ចោលនោះ បានក្លាយទៅជា«សំបកទទេ»។ ដោយបានអត្ថាធិប្បាយអំពីការជាប់ឆ្នោតរបស់លោក ដូណាល់ ត្រាំ (Donald Trump) ទៅកាន់តំណែងប្រធានាធិបតីអាមេរិក លោក Grossi បានកត់សម្គាល់ថា លោកអាចធ្វើការបានយ៉ាងល្អជាមួយក្រុមរបស់លោក ត្រា ក្នុងអំឡុងពេលអាណត្តិដំបូងរបស់គាត់ ទោះបីជាវាស្ថិតនៅក្រោមការដឹកនាំរបស់លោក ត្រាំ ដែលទីក្រុងវ៉ាស៊ីនតោន បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរក៏ដោយ។
ប្រធាន IAEA បាននិយាយថា៖«ទីភ្នាក់ងារនេះ ប្រតិបត្តិការនៅក្នុងប្រទេសអ៊ីរ៉ង់ និងធ្វើអធិការកិច្ច ប៉ុន្តែខ្ញុំតែងតែនិយាយថា យើងត្រូវការតម្លាភាពកាន់តែច្រើន។ យើងត្រូវអាចមើលឃើញបន្ថែមទៀត។ ដោយមើលឃើញពីវិសាលភាព ជម្រៅ និងមហិច្ឆតានៃកម្មវិធីរបស់អ៊ីរ៉ង់ យើងត្រូវតែស្វែងរកមធ្យោបាយ ដើម្បី ផ្តល់ទីភ្នាក់ងារនេះ ជាមួយនឹងការពង្រឹងសមត្ថភាពឃ្លាំមើល»។