គណបក្សស៊ីអ៊ីតហេសបូឡា( Hezbollah) មានមូលដ្ឋាននៅលីបង់ បាននិយាយថា ខ្លួនបាននិងកំពុងទប់ទល់នឹងកងទ័ពអ៊ីស្រាអែលដោយជោគជ័យ ដោយបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់កងកម្លាំង និងគ្រឿងយុទ្ធោបករណ៍របស់សត្រូវ នៅភាគខាងត្បូងប្រទេសលីបង់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញ Telegram របស់ខ្លួន ចលនានេះ បានបញ្ជាក់ថា ក្នុងអំឡុងពេលប៉ះទង្គិចគ្នា អង្គភាពរបស់ក្រុមហេសបូឡា បានសម្លាប់ទាហាន និងមន្ត្រីអ៊ីស្រាអែលជាង ១០០នាក់ ជាមួយនឹង១.000នាក់ផ្សេងទៀត រងរបួស។ សត្រូវក៏បានបាត់បង់រថក្រោះ Merkava ចំនួន ៤៣គ្រឿង គ្រឿងចក្រឈូសឆាយចំនួន ៨ គ្រឿង រថពាសដែកចំនួន ៤ គ្រឿង និងយានដ្រូន ចំនួន ៦ គ្រឿងផងដែរ។
សេចក្តីថ្លែងការណ៍ បាននិយាយថា៖«ក្រុមតស៊ូឥស្លាមនេះ បានបាញ់បង្ហោះយានដ្រូនជាង ៣០០គ្រឿង និងបានការវាយប្រហារដោយមីស៊ីលដែលមានភាពជាក់លាក់កម្រិតខ្ពស់ ទៅលើគោលដៅយុទ្ធសាស្ត្រចំនួន ៣៣កន្លែង នៅលើទឹកដីសត្រូវ»។
កាលពីថ្ងៃទី ២៣ ខែកញ្ញា អ៊ីស្រាអែល បានបើកប្រតិបត្តិការវាយលុកមួយដែលមានឈ្មោះថា Northern Arrows សំដៅលើមូលដ្ឋានយោធារបស់ក្រុមហេសបូឡា ដោយធ្វើការវាយប្រហារតាមអាកាសទ្រង់ទ្រាយ ធំ នៅទូទាំងប្រទេសលីបង់។ នៅយប់ថ្ងៃទី ០១ ខែតុលា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសប្រតិបត្តិការជើងគោកនៅក្នុងតំបន់ព្រំដែន នៅភាគខាងត្បូងនៃប្រទេសលីបង់។