បើយោងតាមអ្នកជំនាញច្បាប់ពាណិជ្ជកម្មអន្តរជាតិ បានឲ្យដឹងថា សង្គ្រាមពាណិជ្ជកម្មអាចនឹងផ្ទុះឡើង ប្រសិនបើប្រធានាធិបតីអាមេរិកទើបជាប់ឆ្នោតថ្មី លោក Donald Trump ធ្វើតាមផែនការដំឡើងពន្ធ និងអនុវត្តវិធានការរឹតបន្តឹងពាណិជ្ជកម្ម ក្នុងគោលបំណងការពារឧស្សាហកម្ម និងការងាររបស់សហរដ្ឋអាមេរិកពីការប្រកួតប្រជែងជាសកល។
គួរបញ្ជាក់ថា សេចក្ដីលម្អិតពីគោលនយោបាយពាណិជ្ជកម្មរបស់រដ្ឋបាលថ្មី នៅតែស្ថិតក្នុងដំណាក់កាលរៀបចំនៅឡើយទេ ប៉ុន្តែអំឡុងពេលធ្វើយុទ្ធនាការបោះឆ្នោតរបស់លោក លោក Trump បានបង្ហាញថា ការដំឡើងពន្ធសរុបលើការនាំចូលទៅកាន់សហរដ្ឋអាមេរិក នឹងត្រូវបានអនុវត្ត ដែលអាចឡើងដល់ ២០ភាគរយ។ ការដំឡើងពន្ធខ្ពស់ ដែលអាច ១០០ភាគរយ ឬច្រើនជាងនេះ ក៏ត្រូវបានពិចារណាផងដែរ ទាក់ទងនឹងការនាំចូលមួយចំនួនពីបណ្ដាប្រទេសជាក់លាក់ជាច្រើន។
លោកបណ្ឌិត Totis Kotsonis នៃក្រុមហ៊ុន Pinsent Masons បានលើកឡើងថា សម្ភារៈនានា ដូចជាអាលុយមីញ៉ូម និងដែកជាដើម ក៏ដូចជារថយន្តទាំងមូល ឬសមាសធាតុរបស់រថយន្តទាំងនោះ គឺស្ថិតក្នុងចំណោមផលិតផលដែលទំនងជាត្រូវបានរងផលប៉ះពាល់ខ្លាំងបំផុតពីវិធានការរបស់សហរដ្ឋអាមេរិក ដោយគិតពីសារៈសំខាន់នៃឧស្សាហកម្មអាមេរិក និងការងារពាក់ព័ន្ធដែលពួកគេគាំទ្រ។
លោកបណ្ឌិតរូបនេះ បានព្រមានថា ផលប៉ះពាល់ នឹងមិនមានត្រឹមតែគូប្រជែងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ដូចជាប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែក៏មានដៃគូពាណិជ្ជកម្មប្រពៃណីផ្សេងទៀត ដូចជាកាណាដា ម៉ិកស៊ិក កូរ៉េខាងត្បូង សហភាពអឺរ៉ុប និងចក្រភពអង់គ្លេសផងដែរ ហើយសេដ្ឋកិច្ចពិភពលោកទាំងមូលក៏គេចមិនផុតដែរ៕