ទីផ្សារអាស៊ី បានធ្លាក់ចុះម្តងទៀតកាលពីថ្ងៃពុធ ខណៈដែលពាណិជ្ជករ ព្រួយបារម្ភអំពីផលប៉ះពាល់នៃអាណត្តិប្រធានាធិបតីរបស់លោក ដូណាល់ ត្រាំ ( Donald Trump) លើសេដ្ឋកិច្ចចិន និងពិភពលោក ជាមួយនឹងការភ័យខ្លាចថា គោលនយោបាយរបស់លោក ក៏អាចធ្វើឲ្យអតិផរណារបស់សហរដ្ឋអាមេរិកកើនឡើងផងដែរ។
ការរំពឹងទុកនៃតម្លៃកើនឡើងម្តងទៀត បន្ទាប់ពីការកាត់បន្ថយពន្ធ បន្ថែមពន្ធនាំចូល និងការបន្ធូរបន្ថយបទប្បញ្ញត្តិ បានផ្តល់កម្លាំងរុញច្រានដល់ប្រាក់ដុល្លារ ដែលបានឡើងថ្លៃ ចាប់តាំងពីគណបក្សសាធារណរដ្ឋ បានឈ្នះការបោះឆ្នោត កាលពីសប្តាហ៍មុន។
ក្រុមពាណិជ្ជករ ក៏កំពុងតាមដានតម្លៃ ប៊ីតខញ (bitcoin) យ៉ាងដិតដល់បំផុត បន្ទាប់ពីវាកៀកទៅនឹងតម្លៃខ្ពស់បំផុត ៩0.000 ដុល្លារ ជាលើកដំបូង ទោះបីជាអ្នកជួញដូរ កំពុងរំពឹងថា វានឹងឡើងដល់ ១០០.000ដុល្លារ ដោយសារតែការសន្យាយុទ្ធនាការគាំទ្រ គ្រីបតូ (crypto) របស់លោក ត្រាំ។
បន្ទាប់ពីការប្រមូលផ្តុំគ្នាលើកដំបូង បន្ទាប់ពីមហាសេដ្ឋីទទួលបានតំណែងសេតវិមានឡើងវិញ ទីផ្សារអាស៊ី បានធ្លាក់ចុះ ក្នុងសប្តាហ៍នេះ ខណៈដែលគណៈរដ្ឋមន្ត្រីរបស់លោក ចាប់ផ្តើមលេចចេញជារូបរាងហើយនោះ។