TikTok ជាកម្មវិធីវីដេអូគ្រប់គ្រងដោយចិន ដែលនឹងត្រូវហាមឃាត់ នៅសហរដ្ឋអាមេរិក ក្នុងរយៈពេល ២ខែកន្លះទៀតនោះ កំពុងសង្ឃឹមថា ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump នឹងស្វែងរកវិធី ដើម្បីជួយសង្គ្រោះបណ្ដាញសង្គមមួយនេះ បន្ទាប់ពីមានការសន្យាតិចតួច ចំពោករណីនោះ នៅលើផ្លូវនៃការធ្វើយុទ្ធនាការបោះឆ្នោតរបស់លោក ក្នុងឆ្នាំ២០២៤ នេះ។
ក្រុមយុទ្ធនាការរបស់លោក Trump និយាយថា លោកនឹង «ធ្វើតាម» ការសន្យាទាំងនោះ បើទោះបីជាសេចក្ដីលម្អិតមានភាពស្រពិចស្រពិលក៏ដោយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកស្រី Karoline Leavitt អ្នកនាំពាក្យតំណាងក្រុមអន្តរកាលរបស់លោក Trump និងអនុប្រធានាធិបតីជាប់ឆ្នោត លោក J.D. Vance បាននិយាយថា៖ «ប្រជាជនអាមេរិកបានបោះឆ្នោតជ្រើសរើសលោកប្រធានាធិបតី Trump ជាថ្មីម្ដងទៀត ជាមួយនឹងសំឡេងគាំទ្រយ៉ាងលើសលប់ ដោយផ្តល់ឲ្យរូបលោកនូវអាណត្តិ ដើម្បីធ្វើតាមការសន្យាដែលរូបលោកបានធ្វើនៅលើផ្លូវនៃយុទ្ធនាការ។ លោកនឹងធ្វើតាមសន្យា»។
ការគាំទ្ររបស់លោក Trump ចំពោះបណ្ដាញសង្គម TikTok នឹងក្លាយជាការផ្លាស់ប្តូរដ៏គួរឲ្យភ្ញាក់ផ្អើលមួយខុសពីឆ្នាំ២០២០ នៅពេលដែលរូបលោកបានព្យាយាមបិទកម្មវិធីនេះ នៅសហរដ្ឋអាមេរិក ហើយបង្ខំឲ្យលក់កម្មវិធីនេះទៅឲ្យក្រុមហ៊ុនអាមេរិក ដោយសារតែម្ចាស់របស់វា គឺ ByteDance ជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន។
គួរបញ្ជាក់ថា ច្បាប់សហព័ន្ធដែលបានចុះហត្ថលេខាកាលពីខែមេសា ចែងថា TikTok ដែលមានអ្នកប្រើប្រាស់ ១៧០លាននាក់ នៅអាមេរិក ត្រូវតែលក់ទៅឲ្យក្រុមហ៊ុនមិនមែនចិន ត្រឹមថ្ងៃទី១៩ ខែមករា មួយថ្ងៃមុនពិធីស្បថចូលកាន់តំណែងរបស់លោក Trump ឬបើមិនដូច្នោះទេ ត្រូវប្រឈមមុខនឹងការហាមឃាត់ នៅសហរដ្ឋអាមេរិក៕