ភ្នំពេញ ៖ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងប្រទេសកូរ៉េខាងត្បូង សម្រេចបានទឹកប្រាក់សរុប ៧២០លានដុល្លារ ក្នុងរយៈពេលបីត្រីមាស ឆ្នាំ២០២១ កើនឡើង ១០,៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
តួលេខពាណិជ្ជកម្មរបស់សមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) បង្ហាញថា ចាប់ពីខែមករា ដល់ខែកញ្ញាកម្ពុជា បាននាំចេញទំនិញសរុប ទៅកាន់ទីផ្សារប្រទេសកូរ៉េខាងត្បូង មានតម្លៃ ២៥៩ លានដុល្លារ កើនឡើង ៥,២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ដោយឡែក កម្ពុជា នាំចូលទំនិញពីកូរ៉េខាងត្បូង កើនឡើង ១៣,៤ភាគរយ ដែលមានទឹកប្រាក់សរុប ៤៦១លានដុល្លារ។
ការដោះដូរពាណិជ្ជកម្មនេះ ធ្វើឱ្យកម្ពុជា ឱនភាពជញ្ជីងពាណិជ្ជកម្មជាមួយប្រទេសកូរ៉េខាងត្បូង ២០២លានដុល្លារ។
រដ្ឋាភិបាលប្រទេសទាំងពីរ គ្រោងនឹងចុះហត្ថលេខាលើសេចក្តីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនៅសប្តាហ៍ក្រោយនេះ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទី២ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។
កម្ពុជាគឺជាគោលដៅនាំចេញទី៦០ របស់កូរ៉េដែលមានទំនិញសំខាន់ៗដូចជា ភេសជ្ជៈ គ្រឿងអេឡិចត្រូនិក ឱសថ និងរថយន្តដឹកទំនិញ។ ចំណែកឯកម្ពុជា វិញបាននាំទំនិញទៅកូរ៉េខាងត្បូងភាគច្រើនគឺជា សំលៀកបំពាក់ ផលិតផលស្បែកជើង និងកាបូបជាដើម៕
អត្ថបទ ៖ វណ្ណៈ