បេសកជនមកពីប្រទេសជាច្រើន កាលពីថ្ងៃអង្គារ (ទី១២ ខែវិច្ឆិកា) បានថ្កោលទោសអ៊ីស្រាអែល ចំពោះគ្រោះមហន្តរាយមនុស្សធម៌ដែលបណ្តាលមកពីសកម្មភាពយោធារបស់ខ្លួន ក្នុងតំបន់ហ្កាហ្សាស្ទ្រីប នៅឯកិច្ចប្រជុំបើកចំហ ដែលធ្វើឡើងដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ស្តីពីសន្តិសុខស្បៀង នៅតំបន់ហ្កាហ្សា។
អំឡុងកិច្ចប្រជុំនោះ មន្ត្រីអង្គការសហប្រជាជាតិ (UN) បានរាយការណ៍ថា លទ្ធភាពផ្ដល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សា បានឈានដល់កម្រិតទាបគ្រប់ពេលវេលា ជាពិសេសនៅតំបន់ហ្កាហ្សាភាគខាងជើង ជាកន្លែងដែលទុរ្ភិក្សធ្ងន់ធ្ងរកំពុងកើតមាន។
បណ្ដាបេសកជនមកពីប្រទេសនានា បានថ្កោលទោសអ៊ីស្រាអែល ចំពោះគ្រោះមហន្តរាយមនុស្សធម៌ដែលបង្កឡើងដោយសកម្មភាពយោធារបស់ខ្លួន នៅហ្កាហ្សា ហើយបានជំរុញឲ្យអ៊ីស្រាអែលលុបចោលច្បាប់ដែលបានអនុម័តដោយសភា ដែលហាមឃាត់មិនឲ្យមានប្រតិបត្តិការរបស់ទីភ្នាក់ងារជំនួយ និងការងាររបស់ UN សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ដើមបូព៌ា (UNRWA) នៅក្នុងព្រំដែនរបស់ខ្លួន។
សមាជិកមិនអចិន្ត្រៃយ៍ទាំង ១០ របស់ UNSC បានស្នើសេចក្តីសម្រេចព្រាងទាមទារឲ្យមានបទឈប់បាញ់ជាបន្ទាន់ នៅហ្កាហ្សា។ ប្រទេសចិន និងរុស្ស៊ីបានសម្តែងការគាំទ្ររបស់ពួកគេ ចំពោះសេចក្តីព្រាងច្បាប់នេះ ហើយបានជំរុញឲ្យមានការបោះឆ្នោតភ្លាមៗ៕