អង្គការនៃប្រទេសនាំចេញប្រេង (OPEC) កាលពីថ្ងៃអង្គារ បានកាត់បន្ថយការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនតម្រូវការប្រេងពិភពលោកនៅឆ្នាំនេះ និងឆ្នាំក្រោយ ជាការកែប្រែពីការធ្លាក់ចុះរបស់អង្គការនេះ សម្រាប់ខែទី៤ ជាប់ៗគ្នា។
នៅក្នុងរបាយការណ៍ទីផ្សារប្រេងប្រចាំខែរបស់ខ្លួនសម្រាប់ខែវិច្ឆិកា អង្គការOPEC រំពឹងថា នឹងមានកំណើនតម្រូវការប្រេងសកល «ល្អប្រសើរ» ចំនួន១,៨២លានបារ៉ែលក្នុងមួយថ្ងៃ សម្រាប់ឆ្នាំ២០២៤ នេះ ប៉ុន្តែបានធ្លាក់ចុះប្រហែល១០៧.០០០បារែល ពីកំណើន១,៩៣លានបារ៉ែលក្នុងមួយថ្ងៃ ដែលបានព្យាករណ៍ កាលពីខែមុន។
អង្គការ OPEC បានសន្មត់ថា ការប្រែប្រួល គឺទៅតាមទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាពសម្រាប់៣ត្រីមាសដំបូង នៃឆ្នាំនេះ។ ទន្ទឹមនឹងនេះ អង្គការ OPEC បានប៉ាន់ប្រមាណថា កំណើនតម្រូវការប្រេងសកលឆ្នាំ២០២៥របស់ខ្លួន ស្ថិតក្នុងកម្រិត១,៥៤លានបារ៉ែលក្នុងមួយថ្ងៃ ពីការវាយតម្លៃកាលពីខែមុនចំនួន១,៦៤លានបារ៉ែល ដោយបាននិយាយថា តួលេខនេះនៅតែបង្ហាញពីការកើនឡើងល្អប្រសើរ បើប្រៀបធៀបនឹងបទដ្ឋានមុនជំងឺរាតត្បាត។
អង្គការ OPEC បានបន្ទាបការព្យាករណ៍របស់ខ្លួនរួចហើយ សម្រាប់កំណើនតម្រូវការប្រេងសកល ក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ នៅក្នុងរបាយការណ៍ទីផ្សារប្រចាំខែរបស់ខ្លួនសម្រាប់រយៈពេល៣ខែ ជាប់ៗគ្នា ចាប់តាំងពីខែសីហា មក។