សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (ទី១២ ខែវិច្ឆិកា) បានហាមឃាត់គ្រប់ជើងហោះហើរស៊ីវិលទៅកាន់ប្រទេសហៃទីរយៈពេល ១ខែ មួយថ្ងៃបន្ទាប់ពីយន្តហោះដឹកអ្នកដំណើរចំនួន ៣គ្រឿង ដែលកំពុងជិតទៅដល់ ឬចាកចេញពីរដ្ឋធានី Port-au-Prince ដែលត្រូវបានបំផ្លិចបំផ្លាញដោយក្រុមអន្ធពាលរបស់ប្រទេសនេះ ត្រូវបានវាយប្រហារដោយការបាញ់កាំភ្លើង។
ការបាញ់ប្រហារបានផ្តល់ឲ្យឃើញនូវរូបភាពយ៉ាងច្បាស់នៃភាពចលាចលដ៏ហិង្សា ដែលកំពុងគ្របលើប្រទេសហៃទី ខណៈដែលនាយករដ្ឋមន្ត្រីថ្មី បានឡើងគ្រប់គ្រងប្រទេសមួយដែលត្រូវបានបំផ្លាញដោយភាពក្រីក្រ អស្ថិរភាពនយោបាយរ៉ាំរ៉ៃ និងបញ្ហាផ្សេងៗទៀត។
ចំណាត់ការរបស់រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) របស់សហរដ្ឋអាមេរិក បានកើតមានឡើង បន្ទាប់ពីយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Spirit Airlines ដែលទៅពីរដ្ឋ Florida ក្នុងទីក្រុង Port-au-Prince ត្រូវបានវាយប្រហារដោយគ្រាប់កាំភ្លើង ហើយត្រូវប្តូរទិសដៅហោះទៅកាន់សាធារណរដ្ឋដូមីនីក។
អ្នកបម្រើការលើយន្តហោះម្នាក់ បានរងរបួសស្រាល ហើយរូបភាពដែលបង្ហោះតាមអ៊ីនធឺណិត ហាក់ដូចជាបង្ហាញឲ្យឃើញរន្ធគ្រាប់កាំភ្លើងជាច្រើន នៅលើតួយន្តហោះ។
ក្រុមហ៊ុនអាកាសចរណ៍បានឲ្យដឹងថា យន្តហោះ ២គ្រឿងទៀត ដែលបានចាកចេញពីរដ្ឋធានីហៃទី កាលពីថ្ងៃចន្ទ ក៏ត្រូវបានវាយប្រហារផងដែរ ដោយរន្ធដែលកើតមានដោយសារគ្រាប់កាំភ្លើងមួយត្រូវបានឃើញនៅក្នុងការត្រួតពិនិត្យ ក្រោយការហោះហើរ៕