នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយថា លោកបានប្រាប់ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump ថា សហរដ្ឋអាមេរិកមានអតិរេកពាណិជ្ជកម្មជាមួយអូស្ត្រាលី ហើយវាជាផលប្រយោជន៍របស់ទីក្រុងវ៉ាស៊ីនតោន ក្នុង «ការធ្វើពាណិជ្ជកម្មដោយស្មើភាព» ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន។
លោក Trump បានស្នើឲ្យមានការដំឡើងពន្ធ ១០ភាគរយលើការនាំចូលរបស់សហរដ្ឋអាមេរិកទាំងអស់ និង ៦០ភាគរយលើផលិតផល ដែលផលិតដោយប្រទេសចិន។ នាពេលកន្លងមក លោក Trump បានរិះគន់សមាជិកអឺរ៉ុបនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ថា ចំណាយតិចពេកលើវិស័យការពារជាតិ។
ដោយផ្តល់ព័ត៌មានលម្អិតនៃការហៅទូរសព្ទ កាលពីសប្តាហ៍មុន ជាមួយលោក Trump លោក Albanese បាននិយាយនៅក្នុងបទសម្ភាសន៍តាមវិទ្យុ នាថ្ងៃពុធ (ទី១៣ ខែវិច្ឆិកា) នេះថា លោកបានលើកឡើងពីបញ្ហាពាណិជ្ជកម្មជាមួយលោក Trump។
នៅក្នុងបទសម្ភាសន៍នោះ លោកបានប្រាប់ថា៖ «សហរដ្ឋអាមេរិកមានអតិរេកពាណិជ្ជកម្មជាមួយអូស្ត្រាលី ដូច្នេះវាជាផលប្រយោជន៍របស់សហរដ្ឋអាមេរិក ក្នុងការធ្វើពាណិជ្ជកម្មដោយស្មើភាពជាមួយអូស្ត្រាលី»។
គួរបញ្ជាក់ថា ក្រោមអាណត្តិប្រធានាធិបតីដំបូងរបស់លោក Trump អូស្ត្រាលីបានទទួលបានការលើកលែងពន្ធពីសហរដ្ឋអាមេរិក សម្រាប់ការនាំចេញអាលុយមីញ៉ូម និងដែកថែបរបស់ខ្លួន៕