រដ្ឋាភិបាលចិន ប្រឈមនឹងកំហឹងផ្ទុះឡើងនៅថ្ងៃពុធនេះ ជុំវិញការដោះស្រាយរបស់ពួកគេចំពោះការវាយប្រហារដោយរថយន្តស្លាប់មនុស្សនៅដើមសប្តាហ៍នេះ ។
កាលពីថ្ងៃចន្ទ បុរសម្នាក់ បានបើករថយន្តបំបុកហ្វូងមនុស្សនៅមជ្ឈមណ្ឌលកីឡា ស្ថិតក្នុងទីក្រុងភាគខាងត្បូង Zhuhai ដោយបានសម្លាប់មនុស្ស ៣៥នាក់ និងមនុស្ស ៤៣នាក់ផ្សេងទៀត រងរបួស ។
ប៉ុន្តែរដ្ឋាភិបាលចិន ចំណាយពេលជិត ១ថ្ងៃ ដើម្បីប្រកាសចំនួនមនុស្សស្លាប់សរុប ហើយឧបទ្ទេវហេតុនេះ ត្រូវបានរាយការណ៍តិចតួចប៉ុណ្ណោះ ដោយសារព័ត៌មានរដ្ឋ ។
ការបង្ហោះសារតាមអនឡាញមួយចំនួន បានរិះគន់ការឆ្លើយតបរបស់រដ្ឋាភិបាល ឬការចោទសួរពីអ្វីទៅដែលការវាយប្រហារមួយនេះ មានន័យសម្រាប់សង្គមចិន ត្រូវបានដកចេញយ៉ាងឆាប់រហ័សដោយក្រុមអាជ្ញាធរ ។
ភ្លើងទៀន និងផ្កា បានដាក់នៅកន្លែងកើតហេតុកាលពីល្ងាចថ្ងៃអង្គារនៅច្រកទ្វារខាងលិចមជ្ឈមណ្ឌលកីឡាដែលក្រោយមកបាត់អស់ទៅវិញ ។
ផ្នែកខាងលិចនៃមជ្ឈមណ្ឌលកីឡា ត្រូវបានបិទដោយរបាំងដែក ហើយនិងយាមកាមដោយកងកម្លាំងសន្តិសុខ ។
បើទោះបីជាមានការព្យាយាមបោសសម្អាតកន្លែងកើតហេតុយ៉ាងណាក្តី មនុស្សជាច្រើននៅតែបន្តទម្លាក់ផ្កានៅព្រឹកថ្ងៃពុធនេះ ។
នគរបាលក្នុងស្រុក និយាយថា ជនសង្ស័យគឺជាបុរសវ័យ ៦២ឆ្នាំម្នាក់ មានគោត្តនាម Fan។ គាត់បានទទួលការព្យាយាមបាលសម្រាប់របួសធ្ងន់ធ្ងរ ក្រោយទំនងជាចាក់ខ្លួនឯង បន្ទាប់ការវាយប្រហារនេះ ។
ក្រុមអ្នកស៊ើបអង្កេត និយាយថា ឧបទ្ទេវហេតុនេះ កើតឡើងទំនងជាបង្កឡើងដោយសារកំហឹងរបស់បុរសម្នាក់នេះ ចំពោះការលែងលះរបស់គាត់ ៕