ទឹកជំនន់ តម្លៃកើនឡើងឥតឈប់ឈរ និងការបះបោរដ៏ឃោឃៅ បានបង្កការលំបាកកាន់តែខ្លាំងសម្រាប់ពលរដ្ឋនីហ្សេរីយ៉ារាប់លាននាក់នៅរដ្ឋភាគឦសាន Borno ក្នុងការចិញ្ចឹមគ្រួសាររបស់ពួកគេ ។
ពេលទំនប់បាក់កាលពីខែកញ្ញា ទឹកជំនន់បានជន់លិចរដ្ឋធានីរដ្ឋមួយនេះ និងដីកសិកម្មជុំវិញ ធ្វើឲ្យមនុស្សជាច្រើនអស់ជម្រើស ។
បច្ចុប្បន្នពួកគេបានត្រឹមឈរតម្រង់ជួររង់ចាំជំនួយនៅក្នុងជំរំ សម្រាប់មនុស្សជម្លៀសខ្លួនដោយសារការប្រយុទ្ធគ្នារវាងក្រុមឧទ្ទាមជ្រុលនិយម និងយោធា ។ ពេលជំនួយអស់ ពួកគេធ្វើការនៅតាមកសិដ្ឋានក្នុងស្រុក ជាទីដែលពួកគេប្រឈមនឹងការសម្លាប់ ឬត្រូវចាប់រំលោភដោយក្រុមចោរក្នុងស្រុក ។
អ្នកស្រី Indo Usman ស្ថិតក្នុងចំណោមពលរដ្ឋនីហ្សេរីយ៉ា រង់ចាំទទួលជំនួយ ។ អ្នកស្រី និងគ្រួសាររបស់គាត់ ជ្រកកោននៅក្នុងបន្ទប់តូចមួយ ស្ថិតក្នុងជំរំ Gubio នៅចម្ងាយ ៩៦គ.មភាគពាយ័ព្យទីក្រុង Maiduguri ។
អ្នកស្រី Usman ធ្លាប់ចិញ្ចឹមសត្វយកសាច់អំឡុងពិធីបុណ្យមូស្លីម ប៉ុន្តែគាត់បានបាត់បង់សត្វទាំងអស់ នៅក្នុងទឹកជំនន់ ។
អ្នកស្រីនិយាយថា ភ្នែកគាត់ឈឺដោយសារតែការយំ ក្រោយឃើញស្ថានភាពរបស់គាត់បែបនេះ ។
អ្នកស្រី បានរត់ភៀសខ្លួនម្តងហើយម្តងទៀតគេចចេញពីការវាយប្រហាររបស់ក្រុមបះបោរនៅរដ្ឋជនបទ Borno អស់រយៈពេលជាច្រើនឆ្នាំ ហើយព្យាយាមកសាងជីវិតឡើងវិញជាមួយប្តី និងកូន ៦នាក់របស់គាត់ ពេលដែលទឹកជំនន់កើតមាន ។
ទឹកជំនន់ បានហូរនាំយកអ្វីៗទៅអស់ ធ្វើឲ្យគាត់ ប្តីគាត់ និងកូន ៦នាក់របស់គាត់ រស់នៅដៃទទេរក្នុងបន្ទប់តូចមួយនេះ ៕