លោក Chen Wenqing សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាធិការទទួលបន្ទុកកិច្ចការនយោបាយមជ្ឈិម និងច្បាប់ បានថ្លែងថា ប្រទេសចិន និងរុស្ស៊ីកំពុងពង្រឹងភាពជឿជាក់គ្នាខាងនយោបាយ និងយុទ្ធសាស្រ្តជាលំដាប់ ហើយទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ បានឈានដល់កម្រិតខ្ពស់បំផុត ក្នុងប្រវត្តិសាស្ត្រ។
លោកបានថ្លែងនៅក្នុងជំនួបជាមួយលោក Sergey Shoigu លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីថា ដោយត្រូវបានណែនាំដោយផែនការយុទ្ធសាស្រ្ត និងកិច្ចព្រមព្រៀងសំខាន់ៗរវាងប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ទំនាក់ទំនងចិន-រុស្ស៊ី បានឈានដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។ ទាំងនេះ គឺជាទំនាក់ទំនងនៃភាពជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការ ក្នុងសករាជ ថ្មី»។
លោក Chen Wenqing បានបន្ថែមថា ប្រទេសទាំងពីរ តែងតែប្រកាន់ខ្ជាប់នូវគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក សមភាព និងកិច្ចសហប្រតិបត្តិការ ដែលផ្តល់ប្រយោជន៍ទៅវិញទៅមក ពង្រឹងការជឿទុកចិត្តគ្នាខាងនយោបាយ និងយុទ្ធសាស្ត្រ ធ្វើឲ្យកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ និងបន្តជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យផ្សេងៗ។
មន្ត្រីចិន បាននិយាយថា៖«ប្រទេសទាំងពីរ បានធ្វើជាគំរូនៃកិច្ចសហប្រតិបត្តិការ និងការចូលរួមជាវិជ្ជមានរវាងប្រទេសធំៗ»។
នៅថ្ងៃពុធនេះ លោក Sergey Shoigu និង លោក Chen Wenqing បានធ្វើការពិភាក្សាជុំទី៩ នៃការពិគ្រោះយោបល់រវាងរុស្ស៊ី និងចិន លើបញ្ហាសន្តិសុខ យុត្តិធម៌ និងច្បាប់ និងសណ្តាប់ធ្នាប់។