បើយោងតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរ ក្នុងតំបន់ Gilgit Baltistan របស់ប្រទេសប៉ាគីស្ថាន បានឲ្យដឹងថា ឡានក្រុងមួយគ្រឿងដែលដឹកអ្នកដំណើរចំនួន ២៧នាក់ បានធ្លាក់ចូលទៅក្នុងទន្លេ Indus ភាគខាងជើងប្រទេស កាលពីថ្ងៃអង្គារ (ទី១២ ខែវិច្ឆិកា) ដោយបានបណ្ដាលឲ្យមនុស្ស ១៤នាក់ បាត់បង់ជីវិត។
សេចក្តីថ្លែងការណ៍រនោះ បានឲ្យដឹងទៀតថា អ្នកដំណើរ ១២នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ហើយអ្នកដំណើរម្នាក់ បានរួចជីវិតពីគ្រោះថ្នាក់នេះ ដោយត្រឹមតែមានរបួស។ ហើយបើតាមអាជ្ញាធរ បានប្រាប់ថា គ្រោះថ្នាក់នេះកើតឡើងដោយសារការបើកបរក្នុងល្បឿនលឿន ហើយអ្នកបើកបរមិនអាចគ្រប់គ្រងរថយន្តបាន។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក Geo រថយន្តក្រុងនេះ គឺជាផ្នែកមួយនៃក្បួនដង្ហែ ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ ឆ្ពោះទៅកាន់ស្រុក Chakwal របស់ប៉ាគីស្ថាន នៅពេលដែលឡាននោះបានធ្លាក់ចូលទៅក្នុងទន្លេ ពីលើស្ពាន Telchi នៅព្រំប្រទល់ស្រុក Diamer៕