ភ្នំភ្លើង Lewotobi Laki-laki ស្ថិតនៅលើកោះភាគខាងកើត Flores របស់ប្រទេសឥណ្ឌូនេស៊ី បន្តព្រួសផេះ និងកម្អែនៅថ្ងៃពុធនេះ ក្រោយការផ្ទុះមួយទៀតកាលពីយប់កន្លងទៅដែលមើលឃើញកម្អែហូរចុះតាមជម្រាលភ្នំ ។
ខណៈពេលនោះដែរ ជើងហោះហើរអន្តរជាតិចេញ-ចូលកោះទេសចរណ៍បាលី ត្រូវបានលុបចោលផងដែរ ដោយសារបន្ទុះភ្នំភ្លើងនេះ ។
ភ្នំភ្លើងកម្ពស់ ១.៥៨៤ម៉ែត្រ Lewotobi Laki-laki បានផ្ទុះញឹកញាប់ ចាប់តាំងពីថ្ងៃទី ៣ ខែវិច្ឆិការហូតមក ។ មនុស្ស ១២.០០០នាក់ ត្រូវបានជម្លៀសខ្លួន បើទោះបីជាក្រុមអាជ្ញាធរនិយាយថា តួលេខអាចនឹងផ្លាស់ប្តូរ អាស្រ័យលើស្ថានភាពធ្ងន់ធ្ងររបស់ការកម្រើកភ្នំភ្លើង ។
អ្នកស្រី Maria Victoria Bitobukan វ័យ ៥០ឆ្នាំ បាននិយាយពីភាពរន្ធត់របស់គាត់ ពេលដែលគាត់អង្គុយក្រៅថ្នាក់រៀននៅលើកោះ Flores ដែលគេប្រែក្លាយជាមជ្ឈមណ្ឌលជម្លៀសខ្លួន ។
ទីភ្នាក់ងារភ្នំភ្លើងឥណ្ឌូនេស៊ី គ្រោងនឹងពង្រីកតំបន់ហាមឃាត់មិនអនុញ្ញាតឲ្យមនុស្សចូលរហូតដល់ ៩គ.ម ពី ៨គ.ម ចាប់ពីតំបន់ភាគនិរតី រហូតដល់ភាគពាយ័ព្យនៃមាត់ភ្នំភ្លើង ។
សូមបញ្ជាក់ថា ឥណ្ឌូនេស៊ី មានភ្នំភ្លើងរស់រហូតដល់ជិត ១៣០ភ្នំភ្លើង ៕