ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បានរាយការណ៍ថា បានធ្វើការវាយប្រហារទៅលើក្រុមមួយ នៅក្នុងប្រទេសស៊ីរី ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ជាការឆ្លើយតបទៅនឹងការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក នៅភាគឦសាននៃប្រទេសនេះ។
ទីភ្នាក់ងារនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ខ្លួនថា៖«ថ្ងៃនេះ កងកម្លាំងនៃទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានធ្វើការវាយប្រហារប្រឆាំងនឹងកន្លែងផ្ទុកអាវុធ និងទីស្នាក់ការកណ្តាលដឹកជញ្ជូនរបស់ក្រុមជីវពលដែលគាំទ្រដោយអ៊ីរ៉ង់»។
យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា «ការវាយប្រហារនេះ គឺជាការឆ្លើយតបនឹងការវាយប្រហារដោយគ្រាប់រ៉ូកែតលើបុគ្គលិកអាមេរិក នៅមូលដ្ឋានល្បាត Shaddadi»។
ទីភ្នាក់ងារដដែល បានកត់សម្គាល់ថា៖«ពុំមានការខូចខាតដល់បរិក្ខាររបស់សហរដ្ឋអាមេរិក និងមិនមានរបួសដល់កងកម្លាំងអាមេរិក ឬដៃគូ ក្នុងអំឡុងពេលនៃការវាយប្រហារនោះទេ»។
CENTCOM ក៏បានអះអាងថា៖«ការវាយប្រហារទាំងនេះ នឹងធ្វើខូចសមត្ថភាពរបស់ក្រុមដែលគាំទ្រអ៊ីរ៉ង់ក្នុងការរៀបចំផែនការ និងបើកការវាយប្រហារនាពេលអនាគត លើកងកម្លាំងសហរដ្ឋអាមេរិក និងសម្ព័ន្ធ» នៅក្នុងតំបន់។