ជនប៉ាឡេស្ទីនជម្លៀសខ្លួននៅទីក្រុង Khan Younis តំបន់ហ្កាហ្សា បាននិយាយថា ជំនួយស្បៀងអាហារ ពួកគេពុំទទួលបានអស់រយៈពេលជាច្រើនខែមកហើយ ។
ថ្លែងពីសាលារៀនដែលគេប្រែជាជម្រកស្នាក់នៅ អ្នកស្រី Najah Omar al-Kafarna និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា អ្នកស្រីបានស្នាក់នៅក្នុងសាលារៀនអស់រយៈពេល ៣ខែមកហើយៗអ្នកស្រីបានមើលឃើញការចែកជំនួយស្បៀងអាហារ ម្តង ឬ ២ដងប៉ុណ្ណោះអំឡុងពេលនោះ ។
យោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេបានចែកចាយស្បៀងអាហាររាប់រយកញ្ចប់ទៅកាន់តំបន់កាត់ផ្តាច់នៅភាគខាងជើងហ្កាហ្សា ស្របពេលដែលសង្រ្គាមនៅបន្ត មុនឱសានវាទរបស់សហរដ្ឋអាមេរិកឲ្យអ៊ីស្រាអែលនាំជំនួយច្រើនជាងនេះចូលទៅក្នុងតំបន់ហ្កាហ្សា បើពុំដូច្នោះទេ ពួកគេនឹងប្រឈមការកាត់ផ្តាច់ជំនួយយោធា ។
នៅក្នុងសប្តាហ៍នេះ រដ្ឋបាលចាកចេញពីអំណាចរបស់សហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងវាយតម្លៃថាតើអ៊ីស្រាអែល មានបានធ្វើរឿងគ្រប់គ្រាន់ដែរឬទេ ដើម្បីឈានដល់ការទាមទារកាលពីខែមុនឲ្យនាំជំនួយច្រើនជាងនេះ ចូលទៅក្នុងតំបន់ហ្កាហ្សា ។
កាលពីសប្តាហ៍មុន គណៈកម្មាធិការក្រុមអ្នកជំនាញសន្តិសុខស្បៀងសកលលោក បានព្រមានថា គ្រោះទុរ្ភិក្សជិតកើតមាន តាមតំបន់មួយចំនួននៅភាគខាងជើងហ្កាហ្សា គឺជាអំណះអំណាងមួយដែលអ៊ីស្រាអែល បានធ្វើការច្រានចោល ។
ស្របពេលដែលឱសានវាទរយៈពេល ៣០ថ្ងៃដាក់ជូនដោយទីក្រុងវ៉ាស៊ីងតោន ខិតជិតមកដល់ ក្រុមអាជ្ញាធរអ៊ីស្រាអែល បានប្រញាប់ប្រញាល់ឈានដល់ការទាមទារមួយចំនួនរបស់សហរដ្ឋអាមេរិក ប៉ុន្តែគេនៅមិនទាន់ច្បាស់នោះទេ ថាតើវាបានគ្រប់គ្រាន់ ដូចការទាមទាររបស់សហរដ្ឋអាមេរិកដែរឬទេ ៕


