នាយករដ្ឋមន្រ្តីក្រិកលោក Kyriakos Mitsotakis និយាយនៅថ្ងៃពុធនេះថា អឺរ៉ុបគឺជាមេដឹកនាំសកលលោកនៅក្នុងអន្តរកាលបរិស្ថាន ប៉ុន្តែពួកគេត្រូវការធនធានបន្ថែមទៀត ដើម្បីដោះស្រាយផលប៉ះពាល់ដោយសារបម្រែបម្រួលអាកាសធាតុពុំធ្លាប់មានពីមុនមក ។
ថ្លែងក្នុងកិច្ចប្រជុំអាកាសធាតុ COP29របស់អង្គការសហប្រជាជាតិ(UN)នៅទីក្រុង Baku ប្រទេសអាស៊ែបៃហ្សង់ លោក Mitsotakis និយាយថា ពួកយើងមិនអាចផ្តោតច្រើនលើឆ្នាំ ២០៥០ ដែលយើងបំភ្លេចឆ្នាំ ២០២៤បានឡើយ ។
ពួកយើងត្រូវការធនធានបន្ថែមទៀត ដើម្បីត្រៀមឆ្លើយតបឲ្យទាន់ពេលវេលា ដើម្បីសង្រ្គោះអាយុជីវិតមនុស្ស និងការរស់នៅ ហើយនិងជួយមនុស្ស និងសហគមន៍កសាងឡើងវិញ ក្រោយគ្រោះមហន្តរាយ ធម្មជាតិ ។
ដោយសារសម្បូរពន្លឺព្រះអាទិត្យ និងខ្យល់ ប្រទេសក្រិកបានបង្កើនជាងទ្វេដងទិន្នផលថាមពលកកើតថ្មីរបស់ខ្លួន ចាប់តាំងពីឆ្នាំ ២០១៤រហូតមក ដែលស្មើនឹងប្រហែលពាក់កណ្តាលនៃការបង្កើតថាមពលរបស់ពួកគេ ហើយពួកគេនិយាយថា ពួកគេស្ថិតនៅលើផ្លូវឆ្ពោះទៅរកការបិទចោលរោងចក្រដើរដោយធ្យូងថ្មទាំងអស់នៅឆ្នាំ ២០២៨ ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសនៅតំបន់សមុទ្រមេឌីទែរ៉ាណេមួយនេះ ពិបាកផ្តល់ជំនួយ និងជួសជុលការខូចខាត បន្ទាប់ពីគ្រោះទឹកជំនន់បំផ្លិចបំផ្លាញ និងភ្លើងឆេះព្រៃ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដែលក្រុមអ្នកវិទ្យាសាស្រ្ត បានដាក់ការស្តីបន្ទោសលើការឡើងកម្តៅទឹកសមុទ្រ និងការឡើងកម្តៅផែនដី ៕


