វិមានក្រឹមឡាំងនិយាយនៅថ្ងៃពុធនេះថា ការបើកមូលដ្ឋានមីស៊ីលថ្មីសហរដ្ឋអាមេរិកនៅក្នុងប្រទេសប៉ូឡូញ គឺជាផ្នែកមួយនៃការប៉ុនប៉ងទប់ទល់ជាមួយរុស្ស៊ី តាមរយៈការរំកិលហេដ្ឋារចនាសម្ព័ន្ធយោធាអាមេរិកខិតកាន់តែជិតព្រំដែនរបស់ពួកគេ ។
មូលដ្ឋានទ័ពអាមេរិក Aegis Ashore ស្ថិតក្នុងទីក្រុង Redzikowo គឺជាផ្នែកមួយនៃខែលមីស៊ីលអង្គការណាតូធំទូលាយជាងមុន ដែលសម្ព័ន្ធមិត្តនិយាយថា វាអាចបាញ់ស្កាត់មីស៊ីលបាលីស្ទិករយៈចម្ងាយជិត និងរយៈចម្ងាយមធ្យម ។
លោក Dmitry Peskovគឺជាអ្នកនាំពាក្យវិមានក្រឹមឡាំង និយាយថា លោកប្រធានាធិបតី Vladimir Putin បានជំទាស់ផែនការសម្រាប់មូលដ្ឋានមីស៊ីលនេះ តាំងពីទសវត្សរ៍ឆ្នាំ ២.០០០មកម្ល៉េះ ពេលដែលលោក George W. Bush នៅជាប្រធានាធិបតីសហរដ្ឋអាមេរិក ។
លោកថា លោក Putinបាននិយាយទទួចនៅពេលនោះថា សហរដ្ឋអាមេរិកកំពុងកុហស ពេលដែលពួកគេនិយាយថា គោលបំណងនៃការកសាងមូលដ្ឋានមីស៊ីលនេះ គឺដើម្បីបាញ់ស្កាត់មីស៊ីលអ៊ីរ៉ង់ ។
លោកបន្តថា ការបើកមូលដ្ឋានមីស៊ីលសហរដ្ឋអាមេរិកនៅប៉ូឡូញ គឺជាទង្វើមួយនៃការរំកិលហេដ្ឋារចនាសម្ព័ន្ធយោធាអាមេរិកខិតមកជិតព្រំដែនរបស់ពួកយើង ។ នេះគ្មានអ្វីក្រៅពីការប៉ុនប៉ងទប់ទល់សក្តានុពលយោធារបស់ពួកយើងឡើយ ហើយជាការពិតណាស់ថា នេះនឹងនាំឲ្យពួកយើងចាត់វិធានការដ៏ត្រឹមត្រូវមួយ ដើម្បីធានាដល់ភាពស្មើគ្នា ៕


