ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូសុខាភិបាល អញ្ជើញក្នុងពិធីក្រុងពាលីប្រទីបក្រសួងសុខាភិបាល ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ដែលនឹងត្រៀមចូលរួមបណ្តែតខ្លួន ក្នុងឱកាសអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបួងសួងសុំសេចក្តីសុខ សុខភាពល្អ និងសុខសុវត្ថិភាព ជូនពរដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសកីឡាករ កីឡាការិនី ចំណុះទូកទាំងអស់ ប្រកបដោយភាពសប្បាយរីករាយ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ។
សូមរំលេចដែរថា ក្រសួងសុខាភិបាលបានរៀបចំនូវទីតាំងជម្រកតង់ការពារសុខភាព និងក្រុមគ្រូពេទ្យប្រចាំការ រថយន្តគិលានសង្រ្គោះបន្ទាន់នៅតាមបណ្តាគោលដៅនីមួយៗ ដែលមានចំនួន ១៥ជម្រកតង់សុខភាព រថយន្តគ្លីនិកចល័ត ចំនួន ២កន្លែង និងក្រុមគ្រូពេទ្យចល័តក្នុងក្រុមមហាជនផងដែរ ដើម្បីផ្តល់សេវាសង្គ្រោះជូនបងប្អូនប្រជាពលរដ្ឋក្នុងករណីមានបញ្ហាសុខភាពបន្ទាន់៕
អត្ថបទ រដ្ឋា











