អ៊ីរ៉ាក់៖ កាលពីថ្ងៃអង្គារ ក្រុមអ្នកគាំទ្រគណបក្សសម្ព័ន្ធ Fatah របស់ប្រទេសអ៊ីរ៉ាក់បានប្រមូលផ្ដុំគ្នានៅក្នុងរដ្ឋធានីបាដាដ ដើម្បីអំពាវនាវឲ្យរាប់សន្លឹកឆ្នោតឡើងវិញក្រោយការបោះឆ្នោតសកលកាលពីថ្ងៃទី១០ ខែតុលា។ ក្រុមកងជីវពលគាំទ្រដោយប្រទេសអ៊ីរ៉ង់បានទាត់ចោលលទ្ធផលឆ្នោត បន្ទាប់ពីគណបក្សសម្ព័ន្ធ Fatah បានមើលឃើញការធ្លាក់ចុះចំនួនអាសនៈនៅសភាបានធ្លាក់ចុះពី ៤៨ ដល់ចន្លោះពី ១២ និង ១៤។

ក្រុមអ្នកតវ៉ាដំឡើងជំរំតង់នៅជិតតំបន់ Green Zone របស់រដ្ឋធានីអ៊ីរ៉ាក់ ជាការរៀបចំឡើងដើម្បីតវ៉ាដោយអង្គុយទាមទារឲ្យរាប់សន្លឹកឆ្នោតឡើងវិញ។ ក្រុមបាតុករបានស្រែស្រុះៗគ្នានូវពាក្យស្លោកប្រឆាំងនឹងសហរដ្ឋអាមេរិក និងប្រឆាំងការកែប្រែទំនាក់ទំនងមកធម្មតាវិញជាមួយអ៊ីស្រាអែល។ ពួកគេក៏បានជំទាស់ទៅនឹងក្រុមមន្ត្រីអង្គការសហប្រជាជាតិផងដែរ ដែលកំពុងទទួលខុសត្រូវចំពោះការឃ្លាំមើលការបោះឆ្នោត និងជួយទប់ស្កាត់ការលួចបន្លំសន្លឹកឆ្នោត។ លទ្ធផលបឋមដែលធ្លាប់បានបង្ហោះនៅតាម online បង្ហាញថា មេដឹកនាំសាសនាអ៊ីស្លាមនិកាយស៊ីអ៊ីតដ៏មានប្រជាប្រិយរបស់ប្រទេសអ៊ីរ៉ាក់គឺលោក Muqtada al-Sadr នៅតែរក្សាចំនួនអាសនៈភាគច្រើនបំផុតនៅក្នុងសភា កំពុងនាំមុខក្នុងខេត្តមួយចំនួនក្នុងចំណោមខេត្ត ១៨ របស់អ៊ីរ៉ាក់រួមទាំងរដ្ឋធានីបាដាដផងដែរ៕
អត្ថបទ៖ សុខមាន