តំបន់រងផលប៉ះពាល់ដោយសារទឹកជំនន់នៅតំបន់ Valencia របស់អេស្ប៉ាញ រួមទាំងទីក្រុង Paiporta នៅថ្ងៃពុធនេះ អាចនឹងមានភ្លៀងធ្លាក់ខ្លាំងជាថ្មីម្តងទៀត រយៈពេល ២សប្តាហ៍ក្រោយទឹកជំនន់ស្លាប់មនុស្ស ។
ការព្រមានពីព្យុះថ្មី បានដាក់តំបន់ Valencia ស្ថិតក្រោមការប្រុងប្រយ័ត្ន ចាប់តាំងពីមិញមកម្ល៉េះ ជាមួយនឹងតំបន់ផ្សេងទៀតនៅតាមតំបន់ឆ្នេរអេស្ប៉ាញ រួមទាំងទីក្រុងភាគខាងត្បូង Malaga ។
សេវាកម្មសង្រ្គោះបន្ទាន់ បាននាំមនុស្សមួយចំនួនចេញពីផ្ទះដែលស្ថិតក្នុងហានិភ័យខ្ពស់នៃទឹកជំនន់ ហើយសាលារៀនមួយចំនួន បានផ្អាកការសិក្សានៅទីក្រុង Malaga, Valencia និងទីក្រុងមួយចំនួនទៀតនៅក្នុងតំបន់ Catalonia ។
ក្រុមជួយសង្រ្គោះ បានស្វែងរកមនុស្សបាត់ខ្លួនពីព្យុះ DANA ដោយពួកគេបង្កើនកិច្ចខិតខំស្វែងរកមនុស្សនៅតាមជ្រោះ និងតំបន់វាលទំនាប Albufera ក៏ដូចជាតាមសមុទ្រដោយប្រើប្រាស់ទូកសង្រ្គោះអ្នកជំនាញ ។
គិតត្រឹមថ្ងៃអង្គារ ក្រុមអាជ្ញាធរ បានបញ្ជាក់ថា មនុស្សស្លាប់សរុប ២២៣នាក់ ដោយសារទឹកជំនន់កាលពីថ្ងៃទី ២៩ ខែតុលា ហើយមនុស្ស ១៧នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ៕



