ប្រជាជនកូរ៉េខាងត្បូងតែជាងពាក់កណ្តាលបន្តិចប៉ុណ្ណោះ ជឿថា ការរៀបអាពាហ៍ពិពាហ៍ គឺជារឿងចាំបាច់។ នេះបើយោងតាមការសិក្សារបស់រដ្ឋាភិបាលចេញផ្សាយនាពេលថ្មីៗនេះ ដែលក៏បានបង្ហាញផងដែរថា ការកើនឡើងនៃចំនួនប្រជាជន ដែលនិយាយថា វាមិនមានបញ្ហាអ្វីទេ សម្រាប់គូស្នេហ៍ក្នុងការរស់នៅជាមួយគ្នាដោយមិនចងចំណងនោះ។
យោងតាមការសិក្សាប្រចាំឆ្នាំរបស់ស្ថាប័នស្ថិតិ Statistics Korea បានឲ្យដឹងថា ប្រជាជនកូរ៉េខាងត្បូង ៥២,២ភាគរយ បាននិយាយថា មនុស្សគួរតែរៀបការ ខណៈដែល ៤១,៥ភាគរយ បានលើកឡើងថា វាជាបញ្ហានៃការជ្រើសរើស ហើយ ៣,៣ភាគរយ ប្រាប់ថា ពួកគេគួរតែនៅលីវ។ ភាគរយនៃអ្នកដែលជឿថា មនុស្សត្រូវតែរៀបការបានធ្លាក់ចុះពីកម្រិត ៥៦,៨ភាគរយ ក្នុងឆ្នាំ២០១៤។
ការសិក្សានេះ គឺផ្អែកលើការស្ទង់មតិលើមនុស្សចំនួន ៣៦.០០០នាក់ ដែលមានអាយុចាប់ពី ១៣ឆ្នាំឡើងទៅ ដែលរស់នៅក្នុងគ្រួសារចំនួន ១៩.០០០គ្រួសារ ទូទាំងប្រទេស ដោយធ្វើឡើងនៅចន្លោះថ្ងៃទី១៥ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំនេះ។
ក្នុងការស្ទង់មតិនោះ បុរសទំនងជាគិតថា ការរៀបការជារឿងសំខាន់ជាងស្ត្រី ដោយបុរស ៥៨,៣ភាគរយ គាំទ្រការរៀបការ បើធៀបនឹងស្ត្រីមានចំនួន ៤១,៦ភាគរយ។ ក្នុងចំណោមអ្នកឆ្លើយតបដែលមិនទាន់រៀបការ បុរស ៤១,៦ភាគរយ បាននិយាយថា មនុស្សគួរតែរៀបការ ខណៈមានស្ត្រី ២៦ភាគរយប៉ុណ្ណោះដែលឆ្លើយបែបហ្នឹង។
នៅពេលដែលត្រូវបានសួរថា ហេតុអ្វីបានជាពួកគេមិនរៀបការ អ្នកឆ្លើយ ៣១,៣ភាគរយ ដែលមិនទាន់រៀបការ បានលើកឡើងពីការខ្វះខាតធនធានហិរញ្ញវត្ថុ បន្ទាប់មក ១៥,៤ភាគរយ លើកឡើងពីបន្ទុកនៃការសម្រាលកូន និងការចិញ្ចឹមកូន។ ១២,៩ភាគរយផ្សេងទៀត បាននិយាយថា ពួកគេមិនអាចរៀបការបានទេ ដោយសារតែស្ថានភាពការងារមិនស្ថិតស្ថេរ ហើយ ១១,៣ភាគរយ បានប្រាប់ថា ពួកគេគ្រាន់តែមិនមានអារម្មណ៍ថា ត្រូវការរៀបការ៕

