
រ៉ុក្កែតរបស់ក្រុមហេសបូឡា បានហោះឆ្លងកាត់ព្រំដែនចេញពីប្រទេសលីបង់ ត្រូវបានបាញ់ស្កាត់ដោយអន្លើរនៅតំបន់ភាគខាងជើងអ៊ីស្រាអែលនាថ្ងៃពុធនេះ ស្របពេលប្រេសិតពិសេសសេតវិមានលោក Amos Hochstein បង្ហាញក្តីសង្ឃឹមសម្រាប់បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ក្នុងពេលដ៏ខ្លីខាងមុខនេះ ។
ផ្ទះមួយខ្នងនៅទីក្រុង Maalot-Tarshiha ស្ថិតនៅភាគខាងជើងអ៊ីស្រាអែលត្រូវចំ អំឡុងការវាយប្រហារនេះ ប៉ុន្តែគ្មានសេចក្តីរាយការណ៍ពីគ្រោះថ្នាក់នោះទេ ។
អ៊ីស្រាអែល និយាយថា រ៉ុក្កែតប្រហែល ២០គ្រាប់ ត្រូវបានបាញ់ស្កាត់ដោយអន្លើរដោយប្រព័ន្ធការពារដែនអាកាស ហើយផលប៉ះពាល់មួយចំនួន ត្រូវបានគេបញ្ជាក់នៅលើដី ។
នៅប្រទេសលីបង់វិញ យោធាអ៊ីស្រាអែល បានវាយប្រហារតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត គ្រប់គ្រងដោយក្រុមហេសបូឡា សម្រាប់រយៈពេល ២ថ្ងៃជាប់ៗគ្នា នៅថ្ងៃពុធនេះ ។

រដ្ឋបាលជិតចាកចេញពីអំណាចរបស់លោកប្រធានាធិបតី Joe Biden នៅតែសង្ឃឹមថានឹងរកបានបទឈប់បាញ់ ។
លោក Hochstein បានប្រាប់សារព័ត៌មាន Axios ថា លោកគិតថា មានឱកាសដែលអាចនាំឲ្យឈានដល់បទឈប់បាញ់ នៅក្នុងប្រទេសលីបង់ ក្នុងពេលឆាប់ៗនេះ។ លោកថា លោកសង្ឃឹមថា យើងអាចទទួលបានបទឈប់បាញ់ ។
ខណៈពេលនោះដែរ ប្រធានសភាលីបង់លោក Nabih Berri បាននិយាយនៅថ្ងៃពុធនេះដែរថា ប្រទេសរបស់លោកកំពុងរង់ចាំសំណើបទឈប់បាញ់ជាក់ស្តែង បន្ទាប់ពីមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បានលើកឡើងថា លោកបានឃើញឱកាសបទឈប់បាញ់ឆាប់ៗនេះ នៅក្នុងជម្លោះ រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ៕