ដោយបានដកស្រង់សម្តីអ្នកនាំពាក្យវិមានក្រឹមឡាំងលោ Dmitry Peskov ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃពុធថា រុស្ស៊ីនឹងចាត់វិធានការចាំបាច់ ដើម្បីរក្សាសមភាព ដើម្បីឆ្លើយតបទៅនឹងការដាក់ពង្រាយមូលដ្ឋានការពារដែនអាកាសរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសប៉ូឡូញ។

ក្រសួងការបរទេសប៉ូឡូញ បានប្រកាសកាលពីថ្ងៃពុធថា មូលដ្ឋានការពារមីស៊ីលថ្មីរបស់សហរដ្ឋអាមេរិក ត្រូវបានបើកដំណើរ នៅក្នុងតំបន់ Redzikowo ភាគខាងជើងប្រទេសប៉ូឡូញ កាលពីថ្ងៃទី ១៣ ខែវិច្ឆិកានេះ។
មូលដ្ឋានដែលគេស្គាល់ថា «Aegis Ashore» គឺជាផ្នែកមួយនៃខែលការពារមីស៊ីលដ៏ធំរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ។ ខែលការពារនេះ អាចចាប់បាន និងស្ទាក់ចាប់មីស៊ីលបាលីស្ទីករយៈចម្ងាយខ្លីទៅមធ្យម ហើយនឹងស្ថិតនៅក្រោមទីបញ្ជាការរបស់អង្គការណាតូ និងទីបញ្ជាការអឺរ៉ុបរបស់សហរដ្ឋអាមេរិក។

លោក Peskov បាននិយាយថា៖«ជាការពិតណាស់ ការដាក់ពង្រាយនេះ នឹងនាំទៅដល់ការអនុម័តនូវវិធានការសមស្រប ដើម្បីធានាបាននូវភាពស្មើគ្នា» ដោយបន្ថែមថា មូលដ្ឋានថ្មីនេះ គឺជាឧទាហរណ៍ច្បាស់លាស់នៃពង្រីកនូវហេដ្ឋារចនាសម្ព័ន្ធយោធាអាមេរិក ឆ្ពោះទៅកាន់ព្រំដែនរុស្ស៊ី និងជា «ការប៉ុនប៉ងដើម្បីទប់ស្កាត់សក្តានុពលយោធារបស់រុស្ស៊ី»។
លោក Peskov បានកត់សម្គាល់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផែនការរបស់សហរដ្ឋអាមេរិក ក្នុងការអនុវត្តប្រព័ន្ធការពារមីស៊ីលនៅអឺរ៉ុប អំឡុងពេលលោក George W. Bush កាន់តំណែងជាប្រធានាធិបតី។ កាលនោះ មេដឹកនាំរុស្ស៊ី បាននិយាយថា ផែនការទាំងនេះ មានគោលបំណងទប់ស្កាត់រុស្ស៊ី គឺមិនមែនរារាំងការគំរាមកំហែងពីប្រទេសអ៊ីរ៉ង់ទេ។
អ្នកនាំពាក្យរូបនេះ បាននិយាយថា មូលដ្ឋាននៅប្រទេសប៉ូឡូញនេះ បញ្ជាក់ពីសុពលភាពនៃការព្រួយបារម្ភទាំងនោះ។