បាល់ទាត់៖ ខ្សែប្រយុទ្ធកូឌីវ័រ Sebastian Haller បានស៊ុតបញ្ចូលទីគ្រាប់ទី ៦ របស់ខ្លួនក្នុងការបង្ហាញខ្លួន ៣ប្រកួតនៅក្របខណ្ឌ UEFA Champions League រដូវកាលនេះ ខណៈ Ajax Amsterdam បំបាក់ក្រុមអាល្លឺម៉ង់ Borussia Dortmund ៤-០ នៅទឹកដីហូឡង់។ គ្រាប់បាល់ចូលទីខ្លួនឯងរបស់ Marco Reus ធ្វើឱ្យ Ajax នាំមុខមុននៅនាទីទី១១ មុនពេលដែលអតីតខ្សែការពារ Manchester United, Daley Blind បន្ថែមការនាំមុខ ២-០ នៅនាទីទី២៥។
ចូលវគ្គទី២ Dortmund នៅតែបន្តធ្វើអ្វី Ajax មិនបាន ខណៈក្រុមម្ចាស់ផ្ទះបន្តរកបានពីរគ្រាប់ទៀតនៅនាទីទី៥៧ ដោយ Anthony និងនាទីទី៧២ ដោយ Sebastian Haller។ Sebastian Haller បានក្លាយជាកីឡាករទីពីរប៉ុណ្ណោះដែលស៊ុតបញ្ចូលទីនៅ UCL បាន ៦គ្រាប់ក្នុង ៣ប្រកួតដំបូងបន្ទាប់ពី Erling Haaland ដែលធ្លាប់បានបែបនេះពេលនៅជាមួយ Red Bull Salzburg។ Haaland ក្នុងប្រកួតនេះមានឱកាសស៊ុតបីលើកផងដែរតែសុទ្ធតែគ្មានសំណាង។

ជ័យជំនះនេះធ្វើឱ្យ Ajax បានភាពឥតខ្ចោះរបស់ខ្លួនក្រោយឈ្នះទាំង ៣ប្រកួតក្នុងពូល C នេះមាន ៩ពិន្ទុពេញ ឯ Dortmund ស្គាល់បរាជ័យដំបូងឈរលេខ២ ក្នុងពូលមាន ៦ពិន្ទុ។ មួយគូទៀតក្នុងពូល C នេះ Sporting Lisbon យកឈ្នះនៅទឹកដីទួកគី Besiktas ៤-១ ខណៈ Sporting ស្គាល់ឈ្នះលើកដំបូងឈរលេខ៣ ក្នុងពូលមាន ៣ពិន្ទុឯ Besiktas បាតតារាងគ្មានពិន្ទុរាប់៕
អត្ថបទ៖នាង សុភាវុធ