ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានកំណត់គោលដៅទៅលើស្ពាន និងផ្លូវនានា ក្នុងខេត្ត Homs ភាគកណ្តាលនៃប្រទេសស៊ីរី ក្បែរព្រំដែនលីបង់ កាលពីយប់ថ្ងៃពុធ ដោយបានបណ្តាលឲ្យមនុស្ស ១១នាក់ រងរបួស និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងក្រសួងការពារជាតិស៊ីរី។

ក្រសួងការពារជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលបានទទួលដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា៖«ប្រហែលម៉ោង៨:0៥ យប់ (ម៉ោង១៧: 0៥ម៉ោងសកល) អ៊ីស្រាអែលដែលជាសត្រូវ បានធ្វើការវាយប្រហារតាមអាកាសពីទិសដៅនៃប្រទេសលីបង់ ដោយបានកំណត់គោលដៅទៅលើស្ពានឆ្លងកាត់ទន្លេ Orontes និងផ្លូវនានា នៅតាមព្រំដែនស៊ីរី-លីបង់ ក្នុងតំបន់ Al-Qusayr ក្នុងតំបន់ជនបទនៃខេត្តHoms ។
សេចក្តីថ្លែងការណ៍ បានបន្ថែមថា៖«ការវាយប្រហារនោះ បានបណ្តាលឲ្យមានការខូចខាតយ៉ាងច្រើន ហើយបានធ្វើឲ្យគោលដៅដែលរងការវាយប្រហារនោះ លែងដំណើរការ»។
មុននេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ពីការផ្ទុះជាបន្តបន្ទាប់ នៅជិតតំបន់ព្រំដែន Al-Qusayr ខណៈដែលប្រព័ន្ធការពារដែនអាកាសស៊ីរី បានឆ្លើយតបទៅនឹងការវាយប្រហារ «អរិភាព» នៅតំបន់ជនបទភាគនិរតីនៃខេត្ត Homs។
ការវាយប្រហារនេះដែរ ត្រូវបានគេជឿថា មានគោលបំណងកាត់ផ្តាច់ទំនាក់ទំនងរវាងប្រទេសស៊ីរី និងលីបង់ តាមរយៈតំបន់ Al-Qusayr ជាតំបន់ដែលគេស្គាល់ថា ជាមជ្ឈមណ្ឌលសម្រាប់ក្រុមហេសបូឡា។
យោងតាមវិទ្យុក្នុងស្រុក Sham FMបានឲ្យដឹង មនុស្ស ១១នាក់ បានរងរបួស នៅក្នុងការវាយប្រហារលើភូមិ Al-Jubaniyah ។