ការវាយប្រហារដោយយោធាអ៊ីស្រាអែល បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោចណាស់២២នាក់នៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីបកាលពីថ្ងៃពុធ ខណៈកងកម្លាំងអ៊ីស្រាអែល បានបង្កើនការវាយលុករបស់ខ្លួនចូលទៅក្នុងទីក្រុង Beit Hanoun ភាគខាងជើង ដោយបង្ខំឱ្យអ្នកស្រុកភាគច្រើនដែលនៅសល់ ត្រូវចាកចេញ។

អ្នកស្រុក បាននិយាយថា កងកម្លាំងអ៊ីស្រាអែល បានហ៊ុមព័ទ្ធទីជម្រកដែលផ្តល់ការស្នាក់នៅសម្រាប់គ្រួសារជនភៀសខ្លួន និងប្រជាជននៅសេសសល់ ដែលត្រូវបានប៉ាន់ស្មានថាមានពីរបីពាន់នាក់ ដោយបញ្ជាឱ្យពួកគេធ្វើដំណើរឆ្ពោះទៅភាគខាងត្បូង តាមច្រកត្រួតពិនិត្យមួយដែលបែងចែកទីក្រុងចំនួនពីរ និងជំរំជនភៀសខ្លួននៅភាគខាងជើងពីទីក្រុងហ្កាហ្សា។
អ្នកស្រុក និងគ្រូពេទ្យសង្គ្រោះបឋមប៉ាឡេស្ទីន បាននិយាយថា ក្រុមបុរសត្រូវបានឃាត់ខ្លួនដើម្បីសាកសួរ ខណៈស្ត្រីនិងកុមារត្រូវបានអនុញ្ញាតឱ្យបន្តដំណើរឆ្ពោះទៅក្រុងហ្កាហ្សា។

យុទ្ធនាការរបស់អ៊ីស្រាអែល នៅភាគខាងជើងតំបន់ហ្កាហ្សា និងការជម្លៀសប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ចេញពីតំបន់នោះ បានជំរុញឱ្យមានការអះអាងពីពលរដ្ឋប៉ាឡេស្ទីនថា យុទ្ធនាការនេះកំពុងឈូសឆាយតំបន់ សម្រាប់ប្រើប្រាស់ជាតំបន់ទ្រនាប់ និងសម្រាប់ការវិលត្រឡប់នៃអ្នកតាំងលំនៅជនជាតិជ្វីហ្វ។