អ្នកការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិក លោក Antony Blinken បានព្រមានកាលពីថ្ងៃពុធថា ការដាក់ពង្រាយកងទ័ពកូរ៉េខាងជើង រួមជាមួយកងកម្លាំងរុស្ស៊ីដែលកំពុងប្រយុទ្ធនៅតាមព្រំដែនអ៊ុយក្រែន តម្រូវឱ្យមាន«ការឆ្លើយតបជាដាច់ខាត»។

លោករដ្ឋមន្ត្រីការបរទេស បាននិយាយនៅក្នុងកិច្ចពិភាក្សានៅទីក្រុងប្រ៊ុចសែល ជាមួយមន្ត្រីណាតូ និងសហភាពអឺរ៉ុប ក្នុងការដោះស្រាយបន្ទាន់អំពីការបង្កើនការគាំទ្រសម្រាប់ទីក្រុងគីវ មុនពេលលោក Donald Trump ចូលកាន់តំណែងនៅសេតវិមានជាថ្មី ដែលអាចបង្កហានិភ័យដល់ការផ្តល់ជំនួយនៅពេលអនាគត។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន រួមជាមួយប្រមុខសម្ព័ន្ធយោធាណាតូ លោក Mark Rutte លោក Blinken បាននិយាយថា យើងបានពិភាក្សាអំពីការពិតដែលថា កងកម្លាំងកូរ៉េខាងជើងត្រូវបាន «ដាក់ពង្រាយទៅក្នុងសមរភូមិ ក្នុងការប្រយុទ្ធដែលទាមទារនិងត្រូវឆ្លើយតបជាដាច់ខាត។

ក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា ទាហានកូរ៉េខាងជើងរាប់ពាន់នាក់ចូលរួមទៅក្នុងជម្លោះនេះ បង្ហាញពីការរីកជម្លោះកាន់តែធំ ដែលបានចាប់ផ្តើមប្រតិបត្តិការប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ីនៅក្នុងតំបន់ Kursk ជិតព្រំដែនជាមួយអ៊ុយក្រែន។
លោក Blinken បានចាត់ទុកចំណាត់ការនេះថាជា «ការវិវឌ្ឍន៍ដ៏ជ្រៅ និងគ្រោះថ្នាក់មិនគួរឱ្យជឿ» ដោយពុំបានបញ្ជាក់ពីទម្រង់បែបណាជាការឆ្លើយតបរបស់សហរដ្ឋអាមេរិក ដែលអាចនឹងកើតឡើង។