បាតុកររាប់រយនាក់ បានមកប្រមូលផ្តុំគ្នានៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក កាលពីថ្ងៃពុធ ដើម្បីរិះគន់អ្នកនយោបាយបារាំង លោក Jordan Bardella និងផ្ញើសារប្រឆាំងស្តាំនិយមជ្រុល ទៅរដ្ឋាភិបាលប្រទេសបែលហ្ស៊ិក។
អ្នកតវ៉ាម្នាក់បាននិយាយថា លោកបានចូលរួមការតវ៉ាក្នុងសាមគ្គីភាពជាមួយប្រជាជនបារាំង ដែលលោកនិយាយថា ត្រូវតែប្រយុទ្ធប្រឆាំងនឹងចរិតដ៏អាក្រក់ ប្រកាន់ពូជសាសន៍ និងប្រកាន់ភេទ ដោយនិយាយសំដៅទៅលើលោក Bardella ប្រធានគណបក្ស National Rally ស្តាំនិយមជ្រុលរបស់ប្រទេសបារាំង។
ការតវ៉ានេះ បានបណ្តាលឱ្យមានការប៉ះទង្គិចគ្នាជាមួយនគរបាលបង្ក្រាបកុប្បកម្ម ដែលបានប្រើប្រាស់កាណុងបាញ់ទឹក និងរបាំងរាំងផ្លូវក្នុងការប៉ុនប៉ងបំបែកហ្វូងមនុស្ស។ ក្រុមបាតុករ ក៏ត្រូវបានគេមើលឃើញគប់កាំជ្រួច និងភ្លើង នៅលើនគរបាល។
នៅក្នុងការបោះឆ្នោតប្រទេសបារាំងកាលពីដើមឆ្នាំនេះ លោក Bardella បានប្រាប់អ្នកគាំទ្រថា លោកនឹងដាក់ច្បាប់ប្រឆាំងអន្តោប្រវេសន៍ ប្រសិនបើលោកត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី។
នៅឆ្នាំ២០២២ លោក Bardella បានទទួលសំឡេងគាំទ្រជិត៨៥% នៃសន្លឹកឆ្នោតរបស់សមាជិកគណបក្ស ហើយបានក្លាយជាប្រធានថ្មីនៃគណបក្ស National Rally ដោយបន្តតំណែងពីលោកស្រី Marine Le Pen ។